(កំពង់ស្ពឺ)៖ ក្រោយពេលទទួលបានដំណឹងស្តីពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពី នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ អ្នកតំណាងរាស្រ្តនៃខេត្តកំពង់ស្ពឺ រួមមានលោក ហ៊ុន ម៉ានី, លោក សំ រិទ្ធី, លោក សុខ ប៊ន និងលោក តុង សេង បានចុះផ្ទាល់ទៅតាមទីតាំងរងគ្រោះក្នុងភូមិសាស្ត្ររងគ្រោះ នៅក្នុងស្រុកឧដុង្គ ស្រុកថ្ពង និងស្រុកសំរោងទង។

លោកក៏បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនរួមមាន៖ តង់, អង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអីវ, មី, ម៉ាស, សាប៊ូ និងថវិកា ជូនដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ដើម្បីចូលរួមសម្រាលការលំបាកបន្ទាន់ភ្លាមៗ។ ដោយឡែក ក្រុមគ្រួសារដែលរងផលប៉ះពាល់មធ្យម និងស្រាល ក៏ទទួលបានការឧបត្ថម្ភជាថវិកាមួយចំនួន ខណៈដែលការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងភាគីពាក់ព័ន្ធ បាននិងកំពុងមកដល់ជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមនឹងការជួបសួរសុខទុក្ខដោយផ្ទាល់ និងចូលរួមសោកស្តាយជាមួយជាមួយប្រជាពលរដ្ឋ នៃគ្រួសាររងគ្រោះ លោក ហ៊ុន ម៉ានី និងអ្នកតំណាងរាស្រ្តទាំងអស់ បានធ្វើការផ្តាំផ្ញើក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារ សុវត្ថិភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ក្នុងដំណាក់កាលរដូវស្សាដែលនឹងចូលមកដល់ ដែលអាចប្រឈមនឹងបាតុភូតគ្រោះធម្មជាតិ មិនថាខ្យល់កន្ត្រាក់ ព្យុះ និងទឹកជំនន់ជាដើម។

គួរបញ្ជាក់ដែរថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កឡើងកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានប៉ះពាល់ដល់ស្រុកចំនួន៣ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៖ ស្រុកឧដ្ដុង្គ (១១៤គ្រួសារ), ស្រុកសំរោងទង (៥៤គ្រួសារ) និងស្រុកថ្ពង (១០គ្រួសារ)៕