(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ប្រមាណជាង៧ម៉ឺននាក់ បានចាក់ផ្តើមទទួលវ៉ាក់សាំងការជំងឺកូវីដ១៩ ដូសទី១ ចាប់ពីថ្ងៃទី៧ ខែឧសភា តទៅដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ១៩។

ការឱ្យដឹងបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តភារកិច្ចរបស់ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្នុងគណៈកម្មការប្រតិបត្តិនេះ ជាពិសេសខ្ញុំ បញ្ជាប្រតិបត្តិក្នុងយុទ្ធនាការនេះ ខ្ញុំបានចុះគ្រប់កន្លែង ឧទាហរណ៍នកន្លែងនេះ ទើបចាប់ផ្តើមដំបូង គឺមួយទីតាំង ដើម្បីឱ្យសមតុល្យគ្នាយើងនឹងបង្កើនទីតាំងចាក់បន្ថែម អញ្ចឹងស្អែកខ្ញុំនឹងបង្កើនថែមយោធភូមិ៣ ឱ្យចូលរួមរៀបចំចាក់មួយទីតាំង បញ្ជាដ្ឋានកងកម្លាំងធំមួយទីតាំង ព្រោះនៅតំបន់ក្រហមនេះ យើងត្រូវចាក់ឱ្យរហ័ស ឱ្យលឿន បរិមានប្រជាពលរដ្ឋនៅតំបន់នេះ មានរហូតទៅជាង ៧ម៉ឺននាក់ ដូច្នេះយើងត្រូវរៀបចំបង្កើនកម្លាំង»

បន្ថែមពីនេះ នាយឧត្តមសនេីយ៍ ឥត សារ៉ាត់ ក៏បានឱ្យដឹងថា ប្រសិននៅក្នុងករណីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់ រស់នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មិនសមតុល្យជាមួយនឹងចំនួនប្រជាពលរដ្ឋក្នុងនាមជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនឹងបន្ថែមកម្លាំងកងទ័ពបន្ថែមទៀត ដើម្បីឱ្យដំណើរការចាក់ជូនមានភាពរលូនទៅមុខស្របតាមការកំណត់ជាដើម។

ឆ្លៀតក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ជូនថា ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា សម្តេចតេជោ បានគូសបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ រហូតដល់គ្រប់គ្នា ហើយបើមិនទាន់អស់គ្នានឹងមិនដកថយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឱ្យគោរពតាមវិធានរបស់សុខាភិបាល និងកុំបញ្ច្រៀតគ្នា ដែលបង្កើតហានិភ័យនៃការឆ្លងជំងឺ។ សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនឹងមានគ្រប់គ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើត ប្រសិនបើគ្មានលិខិតបញ្ជាក់អ្វីទាំងអស់ សូមត្រឹមតែមេភូមិដឹកដៃជូនគាត់មកក៏បាន ដូច្នេះ សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងគឺមិនរើសមនុស្សនោះទេទោះបុគ្គលនោះជាជនអនាថា ក៏ដោយ។ នេះជាបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ដោយឡែកសម្រាប់កិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងនៅតំបន់ក្រហម នៅក្នុងខណ្ឌទាំង៤ ដែលទទួលបានដំណើរការដោយរលូនក្នុងរយៈពេលកន្លងមកនេះ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ នៅតែបន្តអំពាវនាវដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋានចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានភាពល្អប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមដោយរលូននេះ គឺមិនអាចកាត់ផ្តាច់បានពីការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជានិច្ចកាលសម្តេចតែងតែត្រួតពិនិត្យ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណី។

បើយោងតាមរបាយការណ៍ក្រសួងការពារជាតិ ចេញផ្សាយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៥៤៤,៥៨៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ២៤៦,៧០២នាក់ ខណៈចាក់លើកទី២ បានចំនួន២៧៣,៤០០នាក់។

គិតត្រឹមយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៦០៦,០០៧នាក់។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។ ខណៈប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៤ខណ្ឌនេះ មានចំនួនសរុប ៥២៥,៤៣៩នាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕