(ភ្នំពេញ)៖ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រីភាគីមួយ តាមរយៈ video conference ដើម្បីចែករំលែកបទពិសោធន៍ ពិសេសយកឈ្នះឲ្យបាន លើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាននៅទីក្រុងទាំង៣ និងនៅលើពិភពលោក។

កិច្ចប្រជុំមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ង្វៀន ថាញ់ផុង (NGUYEN THANH PHONG) ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ លោក អាតសាផាងថង ស៊ីផាជន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ លោក វ៉ូក្លាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ប្រធានមន្ទីរការបរទេសទីក្រុងហូជីមិញ, អគ្គកុងស៊ុលកម្ពុជា និងអគ្គកុងស៊ុលឡាវ ប្រចាំនៅទីក្រុងហូជីមិញ។

លោក ឃួង ស្រេង បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ទីក្រុងទាំងបី «ភ្នំពេញ ហូជីមិញ និងវៀងចន្ទន៍» ក្នុងការប្រមូលផ្តុំនូវកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន ទីក្រុងទាំងបី នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួម របស់ប្រជាជនយើងទាំងក្នុងក្របខ័ណ្ឌត្រីភាគី អាស៊ាន និងពិភពលោក។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញ វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការ-ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយលោកបញ្ជាក់ថា កម្ពុជាបានរកឃើញជំងឺកូវីដ-១៩ដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយក្នុងរយៈពេលស្ទើរតែពេញមួយឆ្នាំ២០២០ ជំងឺនេះ មិនបានឆ្លងចូលក្នុងសហគមន៍ឡើយ គឺមានតែការនាំចូលពីក្រៅតិចតួច។

ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ដើមខែឧសភា ឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បានផ្ទុះរាលដាលចូលក្នុងសហគមន៍ជាបន្តបន្ទាប់ នោះគឺ «ព្រឹត្តិការណ៍សហគមន៍ ៣ វិច្ឆិកា ២០២០» និង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០» ដែលយើងបានបិទបញ្ចប់ដោយជោគជ័យ។ ដោយឡែក ព្រឹត្តិការណ៍សហគមន៍ «២០ កុម្ភៈ ២០២១» គឺជាដំណាក់កាលដ៏ស្រួចស្រាល ប្រៀបដូចជារលកទី៣ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដែលជាប្រភេទវីរុសបំប្លែងថ្មី។
ស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» ផ្តើមចេញដំបូងពីការឆ្លងនៅក្នុងចំណោមអ្នករស់នៅតាមអគារខុនដូរ ក្នុងរាជធានីភ្នំពេញ ហើយក្រោយមកបានឆ្លងចូលទៅក្នុងក្រុមប្រជាពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តតាក់ស៊ី អ្នកលក់ដូរចល័ត -ល- និងបានឆ្លងបន្តចូលទៅក្នុងតំបន់រោងចក្រ និងផ្សារ ដែលជាហេតុធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពស្មុគស្មាញ និងពិបាកកំណត់ ប្រភពចម្លង។

លោក ឃួង ស្រេង បន្តថា ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គឺយើងអនុវត្តការងារចំនួន ៣សំខាន់៖ ទី១៖ វិធានការរដ្ឋបាល ទី២៖ វិធានការសុខាភិបាល និងទី៣៖ វិធានការគាំពារសង្គម។ ចំពោះវិធានការរដ្ឋបាល
យើងបានទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត វិធានការបម្រាមគោចរ វិធានការរឹតត្បិត ចំពោះសកម្មភាពជួបជុំប្រមូលផ្តុំ និងអាជីវកម្មដ្ឋាន វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តការបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ត្រ រាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ទៀត ដោយបែងចែកជា ៣តំបន់ គឺតំបន់ក្រហមតំបន់លឿងទុំ និងតំបន់លឿង ។ ចំពោះវិធានការគាំពារសង្គមវិញ យើងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្រ បិទខ្ទប់ ជាពិសេសនៅក្នុង «តំបន់ក្រហម» បានចំនួនជាង ២៨ម៉ឺនគ្រួសារ និងកំពុងផ្តល់ជូនបន្ថែមទៀត។

ក្នុងនោះ លោក ឃួង ស្រេង បានសំណូមពរថា ក្រោយពេលដែលវិបត្តិនេះត្រូវបានបញ្ចប់ លោកសូមឲ្យប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ និងលោកអភិបាលរដ្ឋធានីវៀងចន្ទន៍ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្តារវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ ទៅក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់សុខុមាលភាព សាធារណៈ ឲ្យកាន់តែទូលំទូលាយ សំដៅរួមគ្នាទប់ស្កាត់បញ្ហាសកល ដែលអាចកើតមាននាពេលអនាគត ដូចក្នុងករណីដែលយើងកំពុងប្រឈមមុខសព្វថ្ងៃនេះ៕