(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ដែលជាពលករមកពីប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ពលករមកពីប្រទេសថៃដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ហ៊ុត ហ៊ាង អាយុ៣០ឆ្នាំ រស់នៅភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែរ មានមុខរបរជាបុគ្គលិកអនាម័យផ្សារទំនើប នៅទីក្រុងបាងកក។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដខាងលើ បានវិលត្រឡប់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២ ១ ដែលមានអ្នករួមដំណើរ២៤នាក់ មកចុះនៅមណ្ឌលចត្តាឡីស័កបឋមសិក្សាសាលាបាឡាត់ ក្រុងបាត់ដំបង។ បន្ទាប់មកបានបញ្ជូន ពលករ៧នាក់ ពីមណ្ឌលចត្តាឡីស័កនោះ មកបន្ដធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យអូរដំបង១ នៅស្រុកសង្កែ។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង បានស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងយកសំណាកជាលើកទី២ បានរកឃើញវិជ្ជមានបុគ្គលខាងលើតែម្ដង ហើយបច្ចុប្បន្នបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕