(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណិ្ឌត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាអនុប្រធានទី ១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត

កណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ បានចាត់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក នាំយកអំណោយប្រគល់ជូនឃុំចំនួន ៤ ក្នុងឃុំព្រែកដាច់ ឃុំខ្ពបអាទាវ ឃុំពាមរាំង និងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។

អំណោយនេះ ត្រូវបន្តយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកខ្វះខាត និងសម្រាប់ប្រើប្រាស់បន្ត រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

សូមបញ្ជាក់ផងដែរថា អំណោយនាំមកជូនដល់ប្រជាពលរដ្ឋចំនួន ១៨៦០ គ្រួសារ ក្នុងឃុំទាំង ៤ នាពេលនេះ ជាស្បៀងបរិភោគ និងថ្នាំពេទ្យ រួមមាន អង្ករ ១៨តោន មី ១៨៦០ កេស ត្រីខកំប៉ុង ១៨៦០ យួរ និងកញ្ចប់ថ្នាំសម្រាប់គ្រួសារ ចំនួន ១០០០កញ្ចប់ រួមមាន ថ្នាំឈឺចុកពោះ ថ្នាំរាគរុស ថ្នាំអាលែហ្សី និងផ្តាសាយ សម្រាប់ប្រើប្រាស់ និងចែកជូនប្រជាជនពលរដ្ឋនៅក្នុងស្រុកលើកដែក សរុបជាទឹកប្រាក់ប្រមាណ ១៥៣,៨៣៥,០០០ រៀល។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលនោះដែរ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកស្រី កិត្តិសង្គហបណិ្ឌត ឃួន សុដារី ជូនចំពោះក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងកោតសរសើរអាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីយកចិត្តទុកដាក់ចំពោះសេចក្តីសុខ ជីវភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋក្នុងឃុំទាំង ៤ ខាងលើ ក៏ដូចជាក្នុងដំណាក់កាលដ៏លំបាកនៃការរាតត្បាតមេរោគកូវីត ១៩ នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

តំណាងរូបនេះ បានសំណូមពរប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ លោកស្រី កិត្តិសង្គហបណិ្ឌត ឃួន សុដារី តែងតែគិតគូរយកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនក្នុងស្រុកលើកដែក ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏លោកស្រី រួមទាំងថ្នាក់ដឹកនាំដទៃទៀតនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពាំនាំការផ្តាំផ្ញើរបស់លោកស្រី ធ្វើការក្រើនរំលឹក និងអប់រំ ណែនាំប្រជាពលរដ្ឋ ក៏ដូចជា វិធានការ ៣ កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ និងកាត់ផ្តាច់អោយអស់នូវការឆ្លងជំងឺនេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ សូមជម្រាបជូនដែរថា ចំពោះស្ថានការណ៍កូវីដ ១៩ ក្នុងស្រុកលើកដែក ករណីអ្នកឆ្លងសរុប ៥ នាក់ ក្នុងនោះជាសះស្បើយ ៤ នាក់ និង ៦៥ នាក់ផ្សេងទៀតកំពុងបន្តធ្វើចត្តាឡីស័ក។

ជាចុងក្រោយ អភិបាលស្រុក និងឃុំទាំង ៤ តំណាងប្រជាពលរដ្ឋទាំងអស់ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល សប្បុរសជន ព្រមទាំងក្រុមការងារក្នុងស្រុកទាំងអស់ ដែលជានិច្ចកាលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ មិនថាគ្រាលំបាក ឬមានគ្រោះអាសន្ន យ៉ាងណាក្តី តែងតែចុះមកជួយបានទាន់ពេលវេលារហូតមក៕