(ភ្នំពេញ)៖ ខណៈដែលក្រុមប្រតិបត្តិការកងទ័ពកំពុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការហឿយហត់នោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់ត្រីខកំប៉ុងចំនួន១ពាន់កេស ដល់កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងការផ្ដល់ជូននេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានជូនពរដល់កងកម្លាំងប្រតិបត្តិការចាក់វ៉ាក់សាំងទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៍ និងទទួលបានជោគជ័យ ក្នុងភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ពេលចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់កាកាបទី១ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានក្រើនរំលឹកដល់ក្រុមប្រតិបត្តិការតាមបណ្ដាគោលដៅទាំងអស់ រួមទាំងប្រជាពលរដ្ឋផង ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសការអនុវត្តវិធានការសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។

សូមបញ្ជាក់ថា រយៈពេល៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២៥ម៉ឺននាក់ហើយ។

យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៦ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៥០,៦៣៤នាក់ ស្រី ២៦,៤២២នាក់។ សរុប៦ថ្ងៃចាក់បានចំនួន ២៤៦,៧០២នាក់ ស្រី ១០៨,៧៦០នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៥១,៨៤៥នាក់ ខណ្ឌដង្កោ ចាក់បាន ៥៩,៨០៣នាក់ ខណ្ឌកំបូល ចាក់បាន ៤២,៩៤១នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ៩២,១១៣នាក់។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា «ទឹកចិត្តបងប្អូនកងទ័ពរបស់យើង បានខិតខំយ៉ាងមុះមុត គ្មានការគិតនឿយហត់នោះឡើយចំពោះបេសកកម្មជាតិមួយនេះ ដើម្បីសម្រេចតាមការងារដែលជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ បងប្អូនកងទ័ពយើង បានខិតខំប្រឹងប្រែងអស់ពីបេះដូង ទោះបីលំបាក នឿយហត់ ឬតំបន់នោះប្រឈមការឆ្លងជំងឺ តែពួកគាត់មិនរុញរានោះឡើយ ពោលត្រូវទៅមុខដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់ក្រហម ក៏ដូចជានៅភ្នំពេញទាំងមូល បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយនឹងធ្វើឲ្យស្ថានភាពវិលមករកភាពប្រក្រតីឡើងវិញ»៕