(​ឡា​ហាវ៉ាន់​)៖ មន្ត្រី​សុខាភិបាល​គុយបា បាន​រកឃើញ​ករណី​ឆ្លង​វីរុស ហ្ស៊ី​កា (Zika) នៅ​លើ​មនុស្ស​ទី​បី ដែល​បុគ្គល​រូបនោះ ជា​អ្នកជំនាញ​ផ្នែក​សុខាភិបាល ទើប​មកពី​បំពេញ​ការងារ​នៅ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា នេះ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦​។​

​អ្នកជំនាញ​ផ្នែក​សុខាភិបាល ដែល​ឆ្លង​មេរោគ​ហ្ស៊ី​កានេះ មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ឡើយ គ្រាន់តែ​ដឹងថា មាន​វ័យ ៤៣​ឆ្នាំ រស់នៅ​ខេត្ត Camaguey ភាគ​ខាងកើត​ប្រទេស​គុយបា ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា កាលពី​ថ្ងៃ​ទី​០១ ខែ​មីនា ប៉ុន្តែ​ក្រោយពី​មក​ដល់​ភ្លាមៗ ក៏​កើត​អ​ការៈឈឺ​ក្បាល​ខ្លាំង​តែម្តង​។​

​ក្រោយពី​កើត​មាន​ភាពមិនប្រក្រតី ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ទេព្យ និង​រកឃើញថា​មាន​ផ្ទុក​វីរុស​ហ្ស៊ី​កា កាលពី​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ព្យាយាម​សង្គ្រោះ​រូបលោក រហូត​បាន​វិល​មក​រក​ស្ថានភាព​ប្រសើរ​វិញ​។ គួរបញ្ជាក់​ថា ករណី​ឆ្លង​វីរុស​ហ្ស៊ី​កា ទីមួយ​នៅ​គុយបា បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា លើ​វេជ្ជបណ្ឌិត​មួយរូប និង ទី​ពីរ​បាន​កើត​ទៅ​លើ គិលានុបដ្ឋាយិកា​ម្នាក់ទៀត​៕​