(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»។

ផែនការយុទ្ធសាស្ត្រ ដែលរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលប្រើប្រាស់យុទ្ធសាស្រ្ត «ផ្ការីក» ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តើមចេញពីរាជធានីភ្នំពេញដែលជាចំណុចបេះដូងនៃប្រទេស។

ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា យោងតាមផែនការលទ្ធកម្មវ៉ាក់សាំងជាធរមាន, កម្ពុជារំពឹងថានឹងទទួលបានវ៉ាក់សាំងបន្ថែម ៧លានដូស ពីខែឧសភា ដល់ខែកក្កដា និង ២,៥លានដូសទៀត ពីខែសីហា ដល់ខែកញ្ញា។ វ៉ាក់សាំងដែលរំពឹងថានឹងទទួលបាននេះ មានចំនួនគ្រប់គ្រាន់ ដើម្បីសម្រេចឲ្យបាននូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់អាទិភាពខ្ពស់ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នៅក្នុងឆ្នាំ២០២១»

លើមូលដ្ឋាននេះ និងដោយយោងលើលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក, ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំនៅក្នុងតំបន់អាទិភាពខ្ពស់ នឹងត្រូវរៀបចំឡើងជា ៣ជំហាន អនុលោមតាមអភិក្រម «ផ្ការីក» ចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស ហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់អាទិភាពខ្ពស់ទាំងអស់ ដូចខាងក្រោម ៖

* ជំហានទី ១-ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល (គ្របដណ្តប់ប្រមាណ ២៥ ក្រុង/ស្រុក/ខណ្ឌ) ដែលមានចំនួនសរុបជិត ២,៥ លាននាក់ និងត្រូវការវ៉ាក់សាំងចំនួនជិត ៥លានដូស

* ជំហានទី ២-ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជនចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងខេត្តចំនួន១១ គ្របដណ្តប់ ៣៣ក្រុង/ស្រុក (តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, ក្រុងព្រះសីហនុ, ស្វាយរៀង, សៀមរាប, បន្ទាយមានជ័យ, កែប និង កំពត) ដែលមានចំនួនសរុបជាង ២លាននាក់ និង ត្រូវការវ៉ាក់សាំងចំនួនជាង ៤លានដូស

* ជំហានទី ៣-ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១៖ ផ្តោតលើក្រុមប្រជាជន ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងខេត្តចំនួន១២ គ្របដណ្តប់ ១២ក្រុង/ស្រុក (កោះកុង, ឧត្តរមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, បាត់ដំបង, ស្ទឹងត្រែង, ត្បូងឃ្មុំ, រតនគីរី, ព្រះវិហារ, កំពង់ធំ, ក្រចេះ និង មណ្ឌលគីរី) ដែលមានចំនួនសរុបជាង ៤,៤សែននាក់ និងត្រូវការវ៉ាក់សាំងចំនួនប្រមាណ ៩សែនដូស។

ដោយសារវ៉ាក់សាំងដែលរំពឹងថានឹងមកដល់កម្ពុជានៅក្នុងខែឧសភា និងមិថុនា មានចំនួនលើសពីតម្រូវការជាក់ស្តែងសម្រាប់ប្រើប្រាស់នៅក្នុងជំហានទី១, ការចាក់វ៉ាក់សាំងជំហានទី២ នៅតំបន់មួយចំនួន ដែលមានការផ្ទុះរីករាលដាលខ្លាំង ដូចជា ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ឬនៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដូចជា ក្រុងសៀមរាប, បាវិត និងកែប ក៏អាចនឹងចាប់ផ្តើមទន្ទឹមគ្នានឹងជំហានទី១ ផងដែរ អាស្រ័យលើលទ្ធភាព និងសមត្ថភាពនៅក្នុងការរៀបចំចាត់ចែងកម្លាំងដើម្បីអនុវត្ត។ រីឯតំបន់ដទៃទៀតដែលមិនបានរៀបរាប់មុននេះ អាចនឹងត្រូវចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទៅតាមការកំណត់ខាងលើ គឺពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឬអាចចាប់ផ្តើមលឿនជាងកាលកំណត់ ក្នុងករណីដែលការចាក់វ៉ាក់សាំងនៅក្នុងជំហានទី១ ចប់បានលឿន និងមាននៅសល់វ៉ាក់សាំងសម្រាប់ចាក់បន្តទៀត។

ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ជាគោលការណ៍, ការកំណត់នូវជំហាន និង ថិរវេលាខាងលើនេះ មានលក្ខណៈជាការចង្អុលបង្ហាញ ដើម្បីងាយប៉ាន់ប្រមាណលទ្ធភាពក្នុងការអនុវត្តប៉ុណ្ណោះ។ ដោយឡែក, ការអនុវត្តជាក់ស្តែងអាចមានវិសាលភាព និងល្បឿន ខុសពីជំហាន និងថិរវេលាចង្អុលបង្ហាញខាងលើ អាស្រ័យ, ម៉្យាង, លើសមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំង, និងម្យ៉ាងទៀត, លើបរិមាណ និងល្បឿននៃការទទួលបានវ៉ាក់សាំង។ ជាគោលដៅរួមសម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់នេះ គឺត្រូវសម្រេចឲ្យបាននៅក្នុងឆ្នាំ២០២១នេះ, កាន់តែឆាប់ កាន់តែប្រសើរ។

ដោយឡែក, ការចាក់វ៉ាក់សាំងជូនប្រជាជន ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងតំបន់អាទិភាពមធ្យម និងទាប នឹងត្រូវរៀបចំលម្អិតទៅតាមក្រោយ ដោយអាស្រ័យលើផែនការនៃការបញ្ជាទិញវ៉ាក់សាំង និងការវិវឌ្ឍនៃជំងឺកូវីដ-១៩ ក៏ដូចជាអាស្រ័យលើលទ្ធផលនៃការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជន ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងតំបន់អាទិភាពខ្ពស់៕

អានសូមខ្លឹមសារទាំងស្រុងនៃ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដែលមានចំនួន២២ទំព័រ