(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅភូមិសាស្ដ្រខេត្តកំពង់ចាម។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំចំនួន៧ចំណុច ដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព និងមេឃុំ ចៅសង្កាត់ លើការងារនេះដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងករណីនៅតែបន្ដប្រព្រឹត្ដអំពើល្មើសដដែល ត្រូវពិន័យអន្ដរការណ៍ពី ២០ម៉ឺនរៀល ទៅ១លានរៀល សម្រាប់អ្នកមិនពាក់ម៉ាស់។ ដោយឡែក សម្រាប់អ្នកដែលមិនរក្សាគម្លាតសុវត្ថិភាព ត្រូវពិន័យពី១លានរៀល ដល់៥លានរៀល។

សូមជម្រាបថា ក្រសួងសុខាភិបាល បានកំណត់យកភូមិសាស្ដ្រខេត្ដកំពង់ចាម ក្នុងចំណោមខេត្តមួយចំនួនទៀត រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ជាតំបន់អនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕