(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោក ផាម ទួន ផាន នាយកប្រតិបត្តិលេខាធិការ​ដ្ឋានគណៈ​កម្មការ​ទន្លេមេគង្គ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះលោករដ្ឋមន្រ្តី លឹម គានហោ បានថ្លែងជំរុញ​ទៅកាន់នាយក​ប្រតិបត្តិរូបនេះ ត្រូវរក្សាភាពមិន​លម្អៀង​លើព័ត៌មាននានា ហើយត្រូវធ្វើការឆ្លើយតបឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា។

លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះលោក ផាម ទួន ផាន ដែលត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិថ្មី របស់លេខាធិការដ្ឋានគណៈ​កម្មការទន្លេមេគង្គ។ លោក លឹម គានហោ បានបញ្ជាក់ថា «នេះគឺជាលើកទីមួយ ដែលយន្តការតំបន់មួយនេះ មាននាយកប្រតិបត្តិ ត្រូវបានជ្រើសចេញពីប្រជាជន ដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ »។ ទន្ទឹមនឹងការអបអរសាទរលោករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ដល់នាយកប្រតិបត្តិថ្មីសូមយកចិត្តទុកដាក់លើបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា៖ ១. ពង្រឹងការចាត់ចែង ការគ្រប់គ្រង និងដឹកនាំលេខាធិការ​ដ្ឋានគណៈកម្មការ​ទន្លេមេគង្គ ដើម្បីអនុវត្តរាល់សេចក្តីសម្រេចនានា ដែលបានអនុម័ត​ដោយគណៈកម្មការ​រួម និងដោយក្រុមប្រឹក្សា​គណៈកម្មការទន្លេមេគង្គ ដើម្បីធានាឱ្យដំណើរការអន្តរកាល​នៃការអនុវត្តកំណែទម្រង់​លេខាធិការដ្ឋានគណៈកម្មការ​ទន្លេមេគង្គ ទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ២. បង្កើនការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដល់​ការគៀងគរថវិកាជំនួយ​ពីបណ្តាដៃគូអភិវឌ្ឍន៍ ក៏ដូចជា អង្គការអាងទន្លេនានា ដើម្បីធានាបានថវិកាគ្រប់គ្រាន់​សម្រាប់ការទ្រទ្រង់​ដល់ការអនុវត្តផែន​ការអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ ផែនការយុទ្ធសាស្ត្រ ២០១៦-២០២០ និងផែនការប្រចាំឆ្នាំ ២០១៦ របស់គណៈកម្មការទន្លេមេគង្គ។ ៣. យកចិត្តទុកដាក់តាមដាន និងរាយការណ៍លើការវិវត្តថ្មី ចំពោះគម្រោង​ការប្រើប្រាស់​ទឹកទន្លេមេគង្គ នៅតាមបណ្តាប្រទេសជាសមាជិក ជាពិសេសគម្រោងអភិវឌ្ឍន៍​វារីអគ្គិសនីនៅលើទន្លេមេ និងការបង្វែរទឹកពីទន្លេមេគង្គ ពីព្រោះថាលេខាធិការដ្ឋាន មានតួនាទីជាសេនា​ធិការបច្ចេកទេស និងរដ្ឋបាល ដើម្បីជួយដល់បណ្តាលប្រទេសជាសមាជិក ដូច្នេះក្នុងនាមជានាយកប្រតិបត្តិ គឺត្រូវរក្សាភាពមិនលម្អៀង រហ័សរហួនក្នុងការធ្វើវិភាគ និងការឆ្លើយតបទៅ​នឹងព័ត៌មាននានា ដែលចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយ និងត្រូវផ្តល់ព័ត៌មាន ក៏ដូចជារបាយការណ៍​ដល់បណ្តាប្រទេស​ជាសមាជិកឱ្យ​បានច្បាស់លាស់ និងទាន់ពេលវេលា។

ជាការឆ្លើយតប លោក ផាម ទួន ផាន បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យ​លោកចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារ ហើយលោករីករាយ​នឹង​ទទួលយកនូវ​អនុ​សាសន៍ ដើម្បីជម្រុញឱ្យការងារ​របស់លោក​កាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ៕