(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានកែសម្រួលវិធានការសម្រាប់អ្នកដែលមកពីរាជធានី-ខេត្តផ្សេង ចង់ចូលក្នុងខេត្តរបស់ខ្លួនអាចចេញចូលបានធម្មតា ដោយត្រូវអនុវត្តវិធានសុខាភិបាល គឺ៣ការពារ និង៣កុំ។

តាមរយៈ Facebook ផ្លូវការអភិបាលខេត្តព្រៃវែង បានសង្កត់ធ្ងន់ថា សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ក្រហម តំបន់ផ្ទុះរីករាលដាលជំងឺកូវីដ ឬចេញរោគសញ្ញាដែលសង្ស័យ ត្រូវយកសំណាកពិនិត្យ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោក ជា សុមេធី បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តព្រៃវែង គឺឆ្លងកាត់បានធម្មតា។ ចំពោះប្រជាពលរដ្ឋដែលចូល មកកាន់ទឹកដីខេត្តព្រៃវែង ក៏ចូលមកធម្មតា ដោយត្រូវអនុវត្តតាមវិធានសុខាភិបាល «៣ការពារ និង៣កុំ»។ ក្នុងករណីបងប្អូនមកពីតំបន់ក្រហម តំបន់ផ្ទុះ ឬបងប្អូនមានរោគសញ្ញាគួរឲ្យសង្ស័យ អាជ្ញាធរនឹងយកបងប្អូនមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងពិនិត្យសំណាក»

គួរជម្រាបថា ការចេញមកកែសម្រួលវិធានការរបស់រដ្ឋបាលខេត្តព្រៃវែង ធ្វើឡើងក្រោយទទួលបានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធវិធានការដែលបានដាក់ចេញនាពេលកន្លងមក៕