(កំពង់ឆ្នាំង)៖ ពលរដ្ឋ៣៥នាក់ ដែលបានធ្វើចត្តាឡីស័កនៅសាលាគំរូក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ និងគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីពួកគាត់បានស្នាក់នៅដាច់ដោយឡែក អស់រយៈពេលជាងកន្លះខែកន្លងមកនេះ ហើយគ្រូពេទ្យធ្វើតេស្តលើកទី២ រកមិនឃើញមានមេរោគកូវីដ-១៩។

ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៥នាក់ខាងលើនេះមាន ២៨នាក់គឺជាប្រពន្ធ កូន ចៅ និងសាច់ញាតិរបស់សពលោក នូ ចុល រួមទាំងប្រជាពលរដ្ឋបានពាក់ព័ន្ធជាមួយសពលោក នូ ចុល ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយបានយកទៅធ្វើបុណ្យនៅក្នុងលំនៅឋានរបស់គាត់ ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកន្លងទៅនេះ។

ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលចត្តាឡីស័ក សាលាគំរូក្រុង បានបញ្ជាក់ប្រាប់ថា អ្នកដែលជាប់ពាក់ព័ន្ធមកមួយសពលោក នូ ចុល បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ មានចំនួន ២៨នាក់ ក្នុងនោះមានព្រះសង្ឃនិងអាចារ្យផងដែរ ដែលបានទៅសំដែងធម៌ទេសនា នៅក្នុងពិធីបុណ្យសពរបស់លោក នូ ចុល ខាងលើនេះ។

អ្នកទាំង២៨នាក់ក៏ បានយកមកដាក់ឱ្យធ្វើចិត្តាឡីស័កនៅក្នុងសាលាគំរូក្រុងតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងបានពិនិត្យសំណាកចំនួនពីរលើកផងដែរ តែរកមិនឃើញមានមេរោគកូវីដ-២៩ ទាំងអស់គ្នា។

នៅព្រឹកមិញនេះដែរ មុននឹងពួកគាត់ត្រឡប់ទៅលំនៅ ឋានរបស់ពួកគាត់វិញ អាជ្ញាធរ នឹងក្រុមគ្រូពេទ្យ បាញ់ថ្នាំសម្លាប់មេរោគទៅលើសម្ភារៈ មានដូចជាបង្វិចខោអាវវ៉ាលីដាក់សម្ភារៈផ្សេងៗ និងបានជូនបាយកញ្ចប់ពួកគាត់ ម្នាក់មួយកញ្ចប់ សម្រាប់ទុកពិសារតាមផ្លូវ។

ទន្ទឹមនោះអាជ្ញាធរ និងគ្រូពេទ្យបានផ្ដាំផ្ញើឲ្យពួកគាត់ពេលបានទៅដល់ផ្ទះហើយ ត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនទើបចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ៕