(បន្ទាយមានជ័យ)៖ បាត់ភូតធម្មជាតិ ភ្លៀងលាយឡំ ជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៧២ខ្នង ឱ្យរងគ្រោះបែកបាក់ និងរលំស្ទើររាបដល់ដី នៅក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃ៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

បើតាមមន្ត្រីមូលដ្ឋាន និងនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា នាល្ងាចថ្ងៃ៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ មានភ្លៀង១មេយ៉ាងធំអមទៅដោយខ្យល់កន្ត្រាក់ មួយបានវាយបោកបក់មកចំលើផ្ទះប្រជាពករដ្ឋបណ្ដាលឱ្យខូចខាតផ្ទះចំនួន៧៥ខ្នង លើ៤សង្កាត់រួមមានសង្កាត់មិនិត្តខូចខាតផ្ទះប្រជាពលរដ្ឋ៣៤ខ្នង, សង្កាត់ផ្សារកណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋ ២៣ខ្នង, សង្កាត់ប៉ោយប៉ែតខូចខាងផ្ទះប្រជាពលរដ្ឋ១៦ខ្នង និងផ្សារមង្គលប៉ោយប៉ែត១ខ្នង ក្នុងនោះមានផ្ទះប្រជាពលរដ្ឋខូចខាតធ្ងន់ មធ្យម និងបន្តិចបន្តួច។

ចំណែកស្រុកព្រះនេត្រព្រះ មានផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន៩៨ខ្នង ក្នុង៥ភូមិរួមមានភូមិត្របែក ៣០ខ្នង របើកស័ង្កសី ៤៧២សន្លឹក, ភូមិកណ្តាលអស់ផ្ទះប្រជាពលរដ្ឋ២០ខ្នង របើកស័ង្កសីអស់២២៩សន្លឹក, ភូមិគោកធំអស់ផ្ទះប្រជាពលរដ្ឋ៣៥ខ្នង របើកស័ង្កសី ៥៦៥សន្លឹក, ភូមិសូត្រមន្ត អស់ផ្ទះប្រជាពលរដ្ឋរបើកស័ង្កសី១៦សន្លឹក និងភូមិបុស្បូវ ផ្ទះប្រជាពលរដ្ឋ៧ខ្នង របើកស័ង្កសី២១១សន្លឹក នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីមូលដ្ឋាន និងនគរបាលបានស្រុកព្រះនេត្រព្រះ បានបន្តថា ក្រោយពីកើតហេតុហើយលោកឃូពៅអភិបាលស្រុក
ព្រះនេត្រព្រះ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារបានចុះទៅដល់ផ្ទះប្រជាពករដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ពិនិត្យ និងរៀបចំសារឡើងវិញ ដើម្បីសម្រួលឱ្យជាពលរដ្ឋរស់នៅបណ្តោះអាសន្នសិន ត្រៀមជួសជុលឱ្យនៅពេលខាងមុខនេះផងដែរ៕