(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី ប្រធានក្រុមប្រឹក្សាភិបាល បុរី ដឺផាក ស៊ីធី ប៉ោយប៉ែត ដែលបានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ សម្រាប់ជួយដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់លោកឧកញ៉ា អ៊ឹង អ៊ុយ និងលោកជំទាវ ប្រធានក្រុមហ៊ុនឆាយឆាយ អិនវេសមែន ដែលបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ សម្រាប់ជួយដោះស្រាយជីវភាពដល់ ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ក្រុងប៉ោយប៉ែត នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ។

លោកអភិបាលខេត្ត បានចាត់ទុកអំណោយជាថវិការបស់លោកឧកញ៉ាទាំង២ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩។ បើតាមលោកអភិបាលខេត្ត សម្រាប់ថវិកាទាំង៣ម៉ឹនដុល្លារ ជាការចូលរួមឧបត្ថម្ភរបស់លោកឧកញ៉ាទាំង២នេះ រដ្ឋបាលខេត្ត បាននាំយកទៅចាត់ចែង និងចែកអំណោយជូនប្រជាពលរដ្ឋបានជាង១១០០គ្រួសារហើយនៅក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានប្រសិទ្ធពរជ័យដល់លោកទាំង២ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕