(ក្រចេះ)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋជាង២០០ខ្នង នៅឃុំក្រញូងសែនជ័យ នៅស្រុកស្នួល ខេត្តក្រចេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់កន្រាក់ កាលយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

លោក សាម ណាល់ អភិបាលស្រុកស្នួល បានឱ្យដឹងថា «នៅក្នុងឧប្បត្តិហេតុភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ខាងលើនេះ បានបំផ្លាញផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋជាង២០០ខ្នង តែពុំមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ»

លោកអភិបាលស្រុកស្នួល បានបញ្ជាក់ថា តួរលេខ នៃការខូចខាតខ្នងផ្ទះដោយសារខ្យល់កន្ត្រាក់ នៅភូមិឃុំក្រញូងសែនជ័យ កាលពីយប់មិញនេះ មានជាង២០០ខ្នងផ្ទះ ក្នុងនោះមានការរងការខូចខាតទាំងស្រុង និងរបើកដំបូលខ្នងផ្ទះ។

លោកបានបញ្ជាក់បន្ថែមថា នៅក្នុងបាតុភូតគ្រោះធម្មជាតិនោះដែរនៅក្នុងឃុំ ២ ធ្នូ ក៏មានករណីរន្ទះបាញ់ស្ត្រីម្នាក់ផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ ដោយត្រូវបានជួយសង្គ្រោះយកមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ទាន់ពេលវេលា។

អាជ្ញាធរស្រុក និងស្ថាបនពាក់ព័ន្ធកំពុងចុះដល់មូលដ្ឋាន ដើម្បីសិក្សាវាយតម្លៃអំពីផលប៉ះពាល់ នៃចំនួនខ្នងផ្ទះរបស់បងប្អូនដោយផ្ទាល់តែម្តង ដើម្បីរាយការណ៍ជួនថ្នាក់ដឹកនាំខេត្ត។

លោកអភិបាលស្រុក បានបន្ថែមទៀតថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ លោក គង់ គឹមនី អភិបាលរងខេត្ត ក៏បានចុះទៅឃុំក្រញូងសែនជ័យ ដើម្បីសួរសុខទុក ដល់ប្រជាពលរដ្ឋនៅទីនោះផ្ទាល់ និងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពគ្រោះធម្មជាតិនេះផងដែរ។

ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែឧសភា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល៕