(កណ្ដាល)៖ ក្រោយមន្ត្រីសុខាភិបាលខេត្តកណ្ដាល ធ្វើតេស្តលើពលរដ្ឋនៅតំបន់អគារវប្បធម៌កាលពីម្សិលមិញ (ប្រើម៉ាស៊ីន Rapid Test) ជាលទ្ធផលរកឃើញពលរដ្ឋជាបន្តបន្ទាប់មានវិជ្ជមានកូវីដ១៩ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាឲ្យបន្តបិទខ្ទប់តំបន់អគារវប្បធម៌ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ និងកំណត់ដាក់ជា «តំបន់ក្រហម» ដោយហាមការចេញ-ចូល គ្មានមូលហេតុច្បាស់លាស់រយ:ពេល៧ថ្ងៃបន្តទៀត។

រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់មកកាន់ភ្នាក់ងារ Fresh News នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្ត បានកំណត់ដាក់តំបន់អគារវប្បធម៌ជាតំបន់ក្រហម ហើយត្រូវបិទខ្ទប់រយ:ពេល ៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៦ ខែឧសភា នេះតទៅ ដើម្បីធានាបានថា មិនមានការរីកសាយភាយជំងឺនេះចេញក្រៅទៀតនោះទេ។

សំរាប់ក្រុងតាខ្មៅ ត្រូវចាត់ចូលជា «តំបន់លឿង» គ្រប់សង្កាត់ទាំងអស់ ខណ:មួយចំណុច នៃអគារវប្បធម៌នេះ ត្រូវបានកំណត់ជា «តំបន់ក្រហម» ស្ថិតនៅសង្កាត់តាខ្មៅ រីឯក្រៅពីនេះគេចាត់ជាតំបន់លឿងទាំងអស់។

គួររម្លឹកផងដែរថា អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ បាននាំយកអំណោយមកចែកជូនពលរដ្ឋ១៧២គ្រួសារ ក្នុងតំបន់បិទខ្ទប់នេះ ព្រមទាំងណែនាំឲ្យមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។

យោងតាមរបាយការណ៍អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទូទាំងខេត្តកណ្ដាលគិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលចំនួន ៣៧,១៦៦នាក់ រួមមាន៖

*វិជ្ជមានចំនួន ១,៨៣៩នាក់
*ជាសះស្បើយចំនួន ៥៩៦នាក់
*កំពុងព្យាបាល ១,២២៩នាក់
*ស្លាប់ចំនួន ២នាក់
*យកសំណាកធ្វើតេស្តចំនួន ៣៤,១០៦នាក់
*កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១,៨៤៦នាក់
*កំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៧,៨៣៥នាក់
*បញ្ចប់ការធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន៣,៨៣៩ និងនៅផ្ទះចំនួន ១២,៧៨៦នាក់៕