(តាកែវ)៖ មន្ដ្រីនគរបាលម្នាក់រស់នៅភូមិតាំង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បម្រើការងារនៅនាយកដ្ឋាននគរបាលការពារ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលក្រុងដូនកែវ ផ្ញើជូនអភិបាលខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលក្រុងដូនកែវ បានបញ្ជាក់ថា មន្ដ្រីនគរបាលដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះឈ្មោះ យិន សេរី។ មន្ដ្រីនគរបាលរូបនេះបានយកសំណាករួចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរមកស្រុកកំណើតខ្លួន លុះមកដល់ផ្ទះបានប្រាប់ក្រុមគ្រួសារមិនឲ្យមកជិតខ្លួន រួចបានទៅធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាត្រាំតែម្ដង។

ក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រូបគាត់ក៏បានទទួលព័ត៌មានពីភ្នំពេញថា វិជ្ជមានជំងឺកូវីដ១៩។ បន្ទាប់ពីដឹងលទ្ធផលវិជ្ជមាន រដ្ឋបាលក្រុងដូនកែវ សហការជាមួយក្រុមគ្រូពេទ្យ បានដឹករូបគាត់មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ប៉ុន្ដែករណីនេះ គាត់មិនមានអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោលនោះទេ៕