(តាកែវ)៖ លោក ភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងសហការី នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្តល់ជូនកម្មករ-កម្មការិនី ចំនួន ៣,០០០នាក់ ដែលកំពុងស្ថិតក្នុងមណ្ឌលចត្តាឡីស័កនៅតាម បណ្តាឃុំនានានៃស្រុកបាទី ខេត្តតាកែវ។

អំណោយទាំងនោះរួមមាន៖ មីម៉ាម៉ាចំនួន ១,០០០កេសតូច ទឹកសុទ្ធចំនួន ៣,០០០យួរ ម៉ាស់ចំនួន ៣,០០០ប្រអប់ អាកុលចំនួន ៤៥០លីត្រ។

ក្នុងឱកាសនោះលោកអភិបាលស្រុកបាទី ក៏បាននាំយកថវិការបស់លោក ជា វ៉ាន់ដេត ចំនួន ៣៤លានរៀល ដើម្បីឧបត្ថម្ភបែងចែក ទៅតាមមណ្ឌលចត្តាឡីស័កឃុំនីមួយៗ, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុកដើម្បីប្រើប្រាស់ក្នុងតម្រូវការចាំបាច់ផ្សេងៗផងដែរ។

ក្រុមការងារក៏បានផ្ដាំផ្ញើការ សួរសុខទុក្ខពីលោក ជា វ៉ាន់ដេត ដល់ប្រជាពលរដ្ឋទាំងអស់ និងបានណែនាំឱ្យអនុវត្តការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួង សុខាភិបាល ឱ្យបានត្រឹមត្រូវដោយអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យ និងសុខភាពឱ្យបានកាន់តែល្អផងដែរ៕