(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានកំណត់ច្បាស់ៗថា សម្រាប់ប្រជាពលរដ្ឋដែលមកពីបណ្ដារាជធានី-ខេត្តផ្សេងៗ ហើយចូលខេត្ដរបស់ខ្លួន ត្រូវតែយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ករបស់ពេល១៤ថ្ងៃ ជាកំហិត។

តាមរយៈ Facebook ផ្លូវការនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ជា សុមេធី បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះអ្នកដែលធ្វើដំណើរមកពីបណ្ដា រាជធានី-ខេត្តផ្សេងៗ ចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងត្រូវពិនិត្យសំណាក»

អភិបាលខេត្តព្រៃវែង បានបន្ថែមទៀតថា សម្រាប់អ្នកដែលគ្រាន់តែធ្វើដំណើរឆ្លងកាត់ខេត្តព្រៃវែង មិនតម្រូវឲ្យបំពេញលក្ខខណ្ឌនេះឡើយ ពោលអាចធ្វើដំណើរឆ្លងកាត់ដូចធម្មតា។

ការដាក់ចេញនូវវិធានការបែបនេះរបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសតាមរយៈអ្នកដែលធ្វើដំណើរ មកពីបណ្ដារាជធានី-ខេត្តផ្សេងៗ គ្រាដែលកម្ពុជាកំពុងប្រឈមជាមួយនឹងជំងឺកូវីដ១៩។

សូមជម្រាបថា ក្រោយពីបើកចរាចរណ៍ឡើងវិញនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនេះ មានសេចក្ដីរាយការណ៍ជាច្រើនបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ ដូច្នេះបើតាមបណ្ដាខេត្តនីមួយៗ ត្រូវតែមានទំនួលខុសត្រូវខ្ពស់លើការងារគ្រប់គ្រងអ្នកចេញចូល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕