(ភ្នំពេញ)៖ ឧកញ៉ា លី អៀវ អគ្គនាយកក្រុមហ៊ុន ហុងថុង អិចប្រេស ឯ.ក និងគ្រួសារ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចែកអំណោយដល់ប្រជាពលរដ្ឋក្នុងតំបន់លឿងទុំ ៥០០គ្រួសារ ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលអំណោយ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាបរិវេណសាលាបឋមសិក្សាពញាក្រែក។ ប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ដែលទទួលបានការឧបត្ថម្ភគ្រឿងឧបភោគបរិភោគនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ត្រីខ ៥កំប៉ុង, សាច់ក្រក ១គីឡូក្រាម, និងត្រសក់ ១ថង់។

ក្នុងឱកាសនោះ លោក ជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ហុងថុង អិចប្រេស ដែលបានជួយឧបត្ថម្ភនូវអំណោយជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៅមូលដ្ឋាននេះ សម្រាប់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជំនួសមុខដល់ប្រជាពលរដ្ឋដែលទទួលអំណោយ អភិបាលខណ្ឌឫស្សីកែវ ថែមទាំងបានកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិ របស់ឧកញ៉ា លី អៀវ និងគ្រួសារ ដែលជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ បានយ៉ាងទាន់ពេលវេលា។

ឧកញ៉ា លី អៀវ បានថ្លែងថា អំឡុងពេលកម្ពុជាកំពុងជួបប្រទះបញ្ហារីករាលដាលកូវីដ១៩ នេះជាកាលៈទេសៈមួយដែលគ្រប់ភាគីទាំងអស់ ត្រូវតែសហការជាមួយរាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការទប់ទល់ស្ថានការដ៏តានតឹងមួយនេះឲ្យបានប្រសើរឡើងវិញ។ ជាក់ស្តែង ការឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋពេលនេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិ និងមាតុភូមិ ក៏ដូចជាចង់ឲ្យប្រទេសជាតិទាំងមូល រីកចម្រើនទៅមុខជានិច្ច។

ឧកញ៉ា លី អៀវ ក៏បានកោតសរសើរចំពោះការលះបង់ពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃរបស់កងកម្លាំង មន្ត្រីរាជការស៉ីវិល និងការលះបង់របស់ប្រជាពលរដ្ឋដទៃទៀត ដែលតែងតែជួយគាំទ្រសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ជាពិសេសសម្រាប់ជួយប្រទេសជាតិទាំងមូល៕