(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ អាជ្ញាធរបានអះអាងថា ក្រសួងសុខាភិបាលបានរកឃើញថា មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ១៩។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលតែងតែទិញទំនិញតាមអនឡាញ និងប្រើសេវាដឹកជញ្ជូនទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។

អភិបាលរងរាជធានីភ្នំពេញ រូបនេះបានអះអាងយ៉ាងដូច្នេះថា «សូមបងប្អូនដែលទិញអាហារអនឡាញ ប្រុងប្រយ័ត្នពេលទូរទាត់លុយ និងការយកអាហារ ដោយអនុវត្តតាមវិធានសុខាភិបាល ដើម្បីកុំឲ្យឆ្លងកូវីដ ព្រោះអ្នកអនឡាញក៏ឆ្លងដែរ»

លោក កើត ឆែ បានគូសបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់សេវាកម្មនេះ ត្រូវបង្កើននូវការគិតគូរឲ្យខ្លាំងបន្ថែមទៀត ចំពោះទំនិញណាដែលមានហានិភ័យ ព្រោះក្នុងករណីអ្នកលក់មានផ្ទុកជំងឺកូវីដ ហានិភ័យនៃការឆ្លងមានកម្រិតខ្ពស់។ ប៉ុន្ដែក្នុងករណីទំនិញដែលអាចកម្ដៅបាន ឬលាងសម្អាតបានល្អ អាចមិនមានហានិភ័យនៃការឆ្លង។

យ៉ាងណាមិញ លោក កើត ឆែ នៅតែអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល។ ដោយឡែក ការទូរទាត់លុយពេលទិញទំនិញ សូមប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច៕