(ភ្នំពេញ)៖ អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ ពេញមួយព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ កម្លាំងសណ្តាប់ធ្នាប់ និងអាជ្ញាធរមូលដ្ឋាន ចុទៅដោះស្រាយ​បញ្ហាប្រឈម​ចំនួន៣ ដែលកំពុងកើតមានឡើងដល់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងជួបប្រទះ។

បញ្ហាទាំង៣នោះរួមមាន ទី១-ទីតាំងទិញ-លក់ និងស្តុក​អេតចាយ​មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ដែលប្រជាពលរដ្ឋជាង២០គ្រួសារ បានប្តឹងមកអាជ្ញាធរចុះទៅផ្អាក និងឲ្យរុះរើដើម្បីចូលរួមទប់ស្កាត់ និងការពារគ្រោះអគ្គិភ័យដែលអាចកើតមានឡើងនាពេលលើកក្រោយទៀត។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ដោយសារតែទីតាំង ស្តុកអេតចាយមួយនេះធ្លាប់​មានឆ្លងចរន្តអគ្គិសនី​បង្កជាគ្រោះអគ្គិភ័យនោះ ទើបមានប្រជាពលរដ្ឋរស់នៅក្បែរនោះ បានដាក់ពាក្យបណ្តឹងទៅកាន់​អាជ្ញាធរឲ្យជួយដោះ​ស្រាយពីព្រោះ​ខ្លាចកើតមានឡើងនាពេលលើកក្រោយទៀត។ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ នៅទីតាំងមួយនេះ មានគ្រោះអគ្គិភ័យ​មួយបានកើតឡើង​ដែលធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។

ជាលទ្ធផលអភិបាលរង ខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ បានប្រាប់ទៅម្ចាស់ទីតាំងឲ្យរុះរើ និងផ្លាស់ប្តូរទៅកន្លែងថ្មី ហើយខាងម្ចាស់ទីតាំងក៏យល់ព្រមផងដែរ។ បញ្ហាទី២-អាជ្ញាធរ បានរុះរើសំណង់​សង់ និងវាយកម្ទេចចោល នូវរបងថ្មដែលលួចសង់ លើចំណីផ្លូវ​សាធារណៈតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី។ ដោយឡែក បញ្ហាប្រឈមទី៣- គឺអាជ្ញាធរបានចុះទៅពិនិត្យមើល​ភូមិសាស្រ្តមួយកន្លែង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ដែលពោពេញទៅដោយសំរាម និងទឹកស្អុយ ដោយអាជ្ញាធរបានរិះរកស្វែងរកកន្លែងបង្ហូរកាកសំណល់ និងទឹកស្អុយទាំងនេះកុំឲ្យជះ​ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​នៅរស់​នៅក្នុងភូមិ។ ទីកង្វក់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បើបណ្តែតបណ្តោយមិនដោះស្រាយនោះ នាំឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់ពួកគាត់ជាក់ជាមិនខានឡើយ៕