(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ទៀត។ អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ មានឈ្មោះ ប៉ូវ សុនិកា ភេទស្រី អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ស្ត្រីកើតជំងឺកូវីដ១៩ម្នាក់នេះ បានធ្វើដំណើរតាមរថយន្តជាមួយឈ្មោះ តាំន វេងម៉េង មកពីភូមិប៉ឹស ឃុំប៉ឹស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

រដ្ឋបាលខេត្ត បានឱ្យដឹងដែថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានឈ្មោះ តាំន វេងម៉េង មានផ្ទុកវីរុសកូវីដ១៩នោះ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ចូនឈ្មោះ ប៉ូវ សុនិកា មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានយកសំណាកតេស្តរកមេរោគកូវីដ-១៩។ ជាលទ្ធផលឈ្មោះ ប៉ូវ សុនិកា គឺមានផ្ទុកជំងឺកូវីដ-១៩។

បច្ចុប្បន្នឈ្មោះ ប៉ូវ សុនិតា ត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្ត។ រដ្ឋបាលខេត្ត ទទូចដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យយកសំណាកពិនិត្យ និងធ្វើចត្តាឡីស័ក។

ដោយឡែកអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

សូមបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាករណីទី៤ហើយសម្រាប់ខេត្តក្រចេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយ៕