(ភ្នំពេញ)៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ប្រកាសផ្តល់គ្រឿង បរិក្ខាពេទ្យមានទឹកប្រាក់សរុបប្រមាណ ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងជំនួបជាមួយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភានេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោក ផាក ហ៉ឹងខ្យង់ (Park Heung-Kyeong) បានលើកឡើងថា រដ្ឋាភិបាលកូរ៉េ បានសម្រេចជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់ជូននូវគ្រឿងបរិក្ខារពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លាសហរដ្ឋអាមេរិច។

លោកស្រីរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកូរ៉េ ដោយបានផ្តាំផ្ញើរថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះសណ្តានចិត្ត និងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវ ការជំនួយជាចាំបាច់។

ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េកន្លងមកបានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយយល់យ៉ាងច្បាស់ថា គ្មានរណាមានសុវត្តិភាពនោះ នៅពេលមនុស្សជុំវិញខ្លួនគ្មានសុវត្តិភាព។ សាធារណរដ្ឋកូរ៉េ នឹងបន្តធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា ដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា។

បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េ បានបរិច្ចាគភ្លាមៗនូវថវិកាចំនួន ២០ម៉ឺនដុល្លារ និងឧបករណ៍ធ្វើតេសរកមេរោគ ដែលមានតំលៃស្មើនឹង ១០ម៉ឺនដុល្លាអាមេរិច ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។

សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានផ្តល់ឱ្យកម្ពុជា ក្នុងការឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយៈកម្មវិធីជំនួយឆ្លើយតប នឹងកូវីដ-១៩ មានទឹកប្រាក់ប្រហែល ១លានដុល្លារ តាមរយៈយន្តការមួយចំនួនរួមមាន៖

ទី១៖ ការផ្តល់ជូន តង់សំរាប់ធ្វើតេសរកវីរុសចំនួន ២០ និង បន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ (Negative Pressure Carriers) ចំនួន៦០។
ទី២៖ ផ្តល់គ្រឿងឧបភោគបរិភោគ និងឪសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ទី៣៖ កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍នៅកម្ពុជា នៅចំណុចច្រកចូល និងមណ្ឌលចត្តាឡីស័ក្ត ផ្តោតលើខេត្តចំនួន ៥ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង)៕