(កំពង់ចាម)៖ កម្លាំងនគរបាលរដ្ឋបាលព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយយកញញួរមកវាយបំផ្លាញបង្គោលរបងស៊ីម៉ង់ អ្នកជិតខាងបណ្តាលឱ្យខូចខាតអស់ ១៤បង្គោល ដោយចេតនា និងប្រើពាក្យសម្តីសមរម្យដាក់សមត្ថកិច្ច។ ខណៈជនបង្ករូបនេះ ទើបត្រឡប់មកពីខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល៤ថ្ងៃសិន។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១៖០០នាទី ស្ថិតនៅចំណុចរបងដីភូមិឈ្មោះ ហេង ខាលី ខាងកើតជាប់ផ្លូវធ្លា ស្ថិតក្នុងភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនបងមានឈ្មោះជាម ជន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១០ ឃុំព្រែកតានង់់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានជិះរថយន្តពីខេត្តព្រះសីហនុ មកដល់ផ្ទះស្ថិតក្នុងភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានយកញញួ ធ្វើសកម្មភាព វាយបង្គោលរបងសុីម៉ង់អស់ចំនួន១៤ដើម។

បើតាមសត្ថកិច្ចដដែល បានឱ្យដឹងថា មូលហេតុដែលជនសង្ស័យយកញញួរវាយកម្ទេចរបងអ្នកដទៃដោយចោទថា ម្ចាស់របងដាំបង្គោលរបងចូលដីធ្លាសាធារណៈ។

ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អុឹម ឃឿន បានចាត់កម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន បុប្ផា អធិការរងទទួលផែនការងារ នគរបាលយុត្តិធម៌ ចុះស្រាវជ្រាវករណីខាងលើដល់កន្លែងកើតនៅវេលាម៉ោង២១៖៣៥នាទី កម្លាំងសមត្ថកិច្ចបានយាមឃ្លាំមើលជនសង្ស័យ នៅក្រៅបរិវេណផ្ទះ លុះដល់ម៉ោង៣៖៤៥នាទី ជនសង្ស័យឈ្មោះ ជាម ជន់ បានដើរមកកន្លែងសមត្ថកិច្ចដាក់គ្រែអង្គុយយាមឃ្លាំមើលដោយដៃកាន់ដំបងឆក់ ហើយថាឱ្យសមត្ថកិច្ចយើងពួករ៉ែងសែងគ្រែចេញ អញចេញឡានទៅផឹកកាហ្វេ មិនមែនផ្លូវជីដូន ជីតារ៉ែងទេ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ធ្វើចត្តាឡីស័កសិន ព្រោះជនសង្ស័យទេីបតែធ្វេីដំណេីរមកពីខេត្តព្រះសីហនុ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក សមត្ថកិច្ចនឹងធ្វើការដោះស្រាយ ព្រមទាំងកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់៕