(បាត់ដំបង)៖ ក្រុមការងារឥស្សរជនឆ្នើម នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២១ ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប Follow the Data: Invest in Midwives»

ក្នុងឱកាសនេះ ក៏បានរៀបចំពិធីប្រគល់ទទួលសំយ៉ាបមណ្ឌលសុខភាពក្តុលដូនទាវ ក្រុងបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងផ្សព្វផ្សាយសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ។

ពិធីនេះមានកាអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុងបាត់ដំបង តំណាងមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្ត សរុបអ្នកចូលរួមចំនួន៣៧នាក់ នៅមណ្ឌលក្តុលដូនទាវ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះលោកឱសថបណ្ឌិត វឿង ប៊ុនរេត អនុប្រធានក្រុមការងារឥស្សរជនឆ្នើមសាខា និងជាប្រធានមន្ទីរសុខាភិបាលខេត្ត បានអានសារលិខិត របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២១ ក្នុងសារលិខិតជូនជនរួមជាតិឱ្យដឹងថា ក្នុងស្ថានការណ៍នេះ ឆ្មបជំនាញ គិលានុបដ្ឋាកវេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវឈរយ៉ាងរឹងមាំនៅជួរមុខ ដើម្បីបំពេញភារកិច្ចការពារថែទាំប្រជាពលរដ្ឋពីការចម្លងមេរោគកូវីដ១៩ ដែលជាការងារបន្ថែមលើការគាំពារសុខភាពមាតា ទារក និងកុមារដែលមានស្រាប់។

ទិវាឆ្មបជាតិ-អន្តរជាតិ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលដែលសម្រេចបានក្នុងពេលកន្លងមក ព្រមទាំងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឆ្មបជំនាញទាំងអស់ ទូទាំងសកលលោកអំពីបញ្ហាប្រឈម ចំពោះមុខនាពេលបច្ចុប្បន្ន និងការងារផ្ទុបដែលត្រូវបំពេញ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមលើកកម្ពស់ការយល់ដឹងក្នុងចំណោមឥស្សរជន ថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ និងប្រជាជនទាំងអស់អំពីសារសំខាន់ និងតម្រូវការឆ្មបជំនាញនៅក្នុងប្រទេសនីមួយៗ ពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ប៊ុត គឹមស៊ាន ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លា តាមរយៈការរៀបចំសម្ភារក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អលុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ ឆ្ការព្រៃជុំវិញផ្ទះឱ្យបានស្អាត និងជាពិសេស ត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ និងសូមឱ្យថែរក្សាសុខភាពត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់ជំងឺកូវីដ១៩។

បន្ថែមពីនេះក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តដែលមានលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានប្រគល់-ទទួល សំយ៉ាប់មណ្ឌលសុខភាពក្តុលដែលមានទំហំ ១២ម៉ែត្រ គុណ៩.៥ម៉ែត្រ ដែលជាមួយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីសម្រួលក្នុងការបំពេញការងារការទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្តុល ដោយចំណាយថវិកាសរុបចំនួន ១,៣៦៨ដុល្លារផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត បានផ្តល់ជូនសមាជិកសមាជិកា ដែលបានចូលរួមចំនួន ៣៧នាក់ក្នុង១នាក់ៗទទួលបាន៖ ឃីត១កញ្ចប់ (ភួយ សារុង ក្រមា សាប៊ូ២ដុំ) ម៉ាស១ប្រអប់ ទឹកបរិសុទ្ធ ១កេស និងថវិកាមួយចំនួនឧបត្ថម្ភមន្ទីរសុខាភិបាលខេត្តទឹកបរិសុទ្ធ វីឃែរ ចំនួន១០០កេស ឧបត្ថម្ភមណ្ឌលសុខភាពក្តុល ទឹកបរិសុទ្ធ១០កេស ម៉ាស១០ប្រអប់ ថវិកា ១,៣៦៨ដុល្លារថ្លៃឈ្នូលសំយ៉ាប ឧបត្ថម្ភសាលាសង្កាត់ក្តុលដូនទាវ ទឹកបរិសុទ្ធ ១០កេស ម៉ាស១០ប្រអប់ និងឧបត្ថម្ភប៉ុស្តិ៍នគបាលសង្កាត់ នូវអង្ករចំនួន ២២៥គីឡូក្រាម មី៥កេស ផងដែរ៕