(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងស្រុកអូររាំងឪ ចុះចែកអង្ករជាជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុនចំនួន ០៩តោន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនាពេលកន្លងទៅចំនួន ៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ នៅសាលាឃុំមៀន ព្រមទាំងផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា «យើងទាំងអស់គ្នាដឹងហើយថាជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឱ្យបានដាច់ខាតតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ (៣កុំ និង៣ការពារ) ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំទាំងមូល»

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ពិសេសក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមបន្តដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗ ដោយយ៉ាងហោចណាស់ក្នុង១ភូមិ មាន២គ្រួសារ ក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឱ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្នុងដំណាក់កាលផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកផងដែរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនពួកគាត់។

បន្ទាប់មកលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន២ទីតាំង ក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិកាក្នុងម្នាក់ ២មុឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្តម្ភលើកទឹកចិត្តដល់កងម្លាំងចំនួន ៤០នាក់ អង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាស និងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិកាចំនួន ៨០ម៉ឺនរៀលផងដែរ៕