(កណ្តាល)៖ បន្ទាប់ពីអវត្តមាន អស់រយៈពេលជាងមួយឆ្នាំ របស់ព្រះគ្រូធម្មាចារ្យ ធាន វុទ្ធី ដោយសារតែផ្ទុះរឿងអាស្រូវ ត្រូវបណ្ដេញចេញពីវត្តទូលរាជារួចមក ប្រជាពលរដ្ឋរស់នៅក្បែរនោះ សង្កេតឃើញថា ទីអារ៉ាមវត្ត​ទួលព្រះរាជា ហាក់មានសភាពស្ងាត់ជ្រង ពុំសូវឃើញពុទ្ធបរិស័ទ ទៅធ្វើបុណ្យដូចកាលពីលោកគ្រូ ធាន វុទ្ធី ដឹកនាំនោះទេ។ លើសពីនេះ ព្រះសង្ឃ និងគណកម្មការវត្ត កំពុងតែចែកបក្ខពួកគ្នា ​ម្ខាងៗម្នាក់ ពុំមានការគ្រប់គ្រង ច្បាស់លាស់ទាល់តែសោះ នៅក្នុងវត្ត។​​

លោក សំ ធឿន មេភូមិតាដុល ក្នុងឃុំពោធិ៍បាន ស្រុកកោះធំ និយាយថា ​តាំងពីលោកគ្រូធម្មាចារ្យ ធាន វុទ្ធី ត្រូវបានដកបណ្តេញចេញ ពីវត្តទួលរាជា មិនឲ្យគ្រប់គ្រង​រួចមក ឃើញមាន សភាពការណ៍នៅក្នុងភូមិ លែងមានភាពអ៊ូរអ​ ដូចកាលមុន របរលក់ដូររបស់អ្នកភូមិ ក៏មិនសូវកាក់កប ។ ចំណែកផ្លូវថ្នល់មិនត្រូវបានជួលជុល និង​គ្មានការអភិវឌ្ឍ​នោះឡើយ។

ដោយឡែកលោក ផាន់ ផន គណៈកម្មការថែរក្សាវត្តទួលរាជា មានប្រសាសន៍ថា ដោយសារមិនមានការកសាងអ្វីបន្ថែមទៀត បច្ចុប្បន្នទីវត្តអារាមបានបែកប្រេះស្រាំ ជាអន្លើៗ រូបព្រះពុទ្ធបដិមាករ ត្រូវបានគេបំផ្លាញ​អស់ជាច្រើនកន្លែង។ ចំណែកសួនច្បារលំអរ​ក្នុងទីអារាមនេះ ត្រូវបានគេលួចដុតបំផ្លាញ ដោយដឹងមូលហេតុ និងមិនមានអ្នកទទួលខុសត្រូវនោះទេ។

ពាក់ព័ន្ធករណីនេះព្រះតេជគុណ ទេព សុវណ្ណ ចៅអធិការស្តីទីវត្តទួលព្រះរាជា មានសង្ឃដិកាឲ្យដឹងថា ពិតជាមានជនខិលខូចមកបំផ្លិចបំផ្លាញ រូបដិមាករក្នុងវត្តខ្លះៗមែន ដោយចង់ទំលាក់ កំហុសនេះ មកលើព្រះអង្គ ក្នុងនាមជាអ្នកដឹកនាំបន្តនៅក្នុងវត្ត។ យ៉ាងនេះក្តីព្រះតេជគុណ បានបញ្ជាក់ថា ព្រះអង្គមិនអាចថែរក្សាវត្តឲ្យបាន គ្រប់ជ្រុងជ្រោយនេះទេ ដោយសារទីទួលវត្តទូលរាជា មានទីធ្លា​ធំទូលាយ ចំណែកព្រះសង្ឃគង់នៅ មានចំនួនតិចជាងមុនទៀត។ ជាមួយគ្នានេះ គណកម្មការ និងព្រះសង្ឃនៅក្នុង កំពុងតែបែងចែក បក្ខពួកគ្នា គ្មាននរណា ស្ដាប់នរណាឡើយ។

សូមបញ្ជាក់ថាលោកគ្រូ ធាន វុទ្ឋី ត្រូវបានក្រសួងធម្មការ និងសាសនា​ ដកតំណែងចេញមិនឲ្យគ្រប់គ្រង កសាងវត្តទួលព្រះរាជាបន្ត តាំងពីខែសីហា ឆ្នាំ២០១៤ ដោយសារចោទថា ការកសាងវត្ត​ហាក់មាន​ទំនោរ ទៅរកព្រហ្មញសាសនា ហើយបានតាំង​ខ្លួនឯង ជាព្រះសេអារ្យមេត្រីទៀតផង៕