(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ចាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងត្រួតពនិត្យស្ថានភាពកងកម្លាំងអន្តរាគមន៍ ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការ និងការចរាចរចេញ-ចូលក្រុងប៉ោយប៉ែត កន្លែងតំបន់ក្រហមបិទខ្ទប់មួយចំនួន, ការងារធានាហូបចុកប្រចាំថ្ងៃ និងកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់កងកម្លាំង តាមបណ្តាគោលដៅឈរជើង។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានការណ៍ប្រទេសជាតិ ជួបការលំបាកនេះ កងកម្លាំងដែលបានចេញប្រតិបត្តិការ បំពេញបេសកកម្មនេះ ត្រូវអនុវត្តតួរនាទី ភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងក្រមសីលធ៌ម ត្រូវសហការល្អជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន និងបទបញ្ជាការ របស់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ទៅតំបន់ផ្សេងៗ ក្នុងខេត្ត និងទៅបណ្តា ខេត្តផ្សេងៗទៀត។

ជាពិសេសសូមឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យជាប្រចាំតាមវិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ធានាបាននៅសុខសុវត្ថិភាពផ្ទាល់ខ្លួន មិនឲ្យមានការឆ្លងចូលក្នុងជួរកងកម្លាំង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះ ពិតជាមិនអាចខ្វះបាននូវកងកម្លាំងចូលរួមយ៉ាងសកម្មជួយទប់ស្កាត់ឲ្យខានតែបាន ជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានថ្លែងកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានសហការល្អជាមួយកម្លាំងចម្រុះ ខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ និងក្រោមភ្លៀងផងដែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ជាពិសេសសូមអរគុណចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងសម្បុរសជននានា ដែលបានផ្តល់អំណោយជាបន្តបន្ទាប់ ដូចជាកៅស៊ូតង់ កូនឈើ សម្រាប់ធ្វើជម្រកស្នាក់នៅ ថវិកា និងគ្រឿងឧបភោគបរិភោក លើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្នុងស្មារតីសមរភូមិក្រោយ គាំទ្រសមរភូមិមុខ៕