(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ នឹងអញ្ជើញត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់។

ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក និងកម្មករនាពេលនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកីឡាជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនឹងត្រូវចាក់ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក និងកម្មករកសាងក្រសួងការជាតិ ព្រមទាំងកម្មករសាងសង់ពហុកីឡដ្ឋានមរតកតេជោ ប្រមាណ ១,៥០០នាក់នេះ គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៥១៥,៤៤៧នាក់៕