(ក្រចេះ)៖ កម្លាំងអាវុធហត្ថនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោក គង់ ហាន ប្រធានមន្ទីរ បានឃាត់ខ្លួនមេក្លោងម្នាក់ដែលកៀងគរប្រជាពលរដ្ឋឱ្យទៅកាប់កាយទន្រ្ទានឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ការឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងតាមដីកាបង្គាបឱ្យចាប់ខ្លួនរបស់លោក តុបឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ។

ការចុះឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចស្ពានទេ ភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ប្រិច បារាំង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចប្បន្ន នៅភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាប់ចោទពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធដីព្រៃដោយខុសច្បាប់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចអូរក្រមាល់ ភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

បច្ចប្បន្នជន សង្ស័យកំពុងឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយរង់ចាំចំណាត់ការតាមនីតិវិធីច្បាប់៕