(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន១២៦គ្រួសារ នៅស្រុកកំពង់ត្រាច។

ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋ មកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

លោក ជាវ តាយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ»។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋទាំងពីរ ក្រុង ស្រុកខាងលើ លោកអភិបាលខេត្ត បាននាំយកអំណោយកាកបាទក្រហម ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន ១២៦គ្រួសារ នៅស្រុកកំពង់ត្រាច ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ១កេស និងថវិកា ២ម៉ឺនរៀល ព្រមទាំងបានឧបត្តម្ភជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ សរុបចំនួន ៥២ម៉ឺនរៀលផងដែរ៕