(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែឧសភា នេះបានសម្រេចបិទផ្សារចាស់ជាបណ្ដោះអាសន្ន ដែលជាអាជីវករលក់ដូរក្នុងផ្សារនោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សម្រេចបិទហាងថតរូបមួយកន្លែងឈ្មោះ ល្អពេញចិត្តផងដែរ ដោយសារអ្នកជំងឺបានទៅថតឯកសារនៅទីនោះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន កាលពីថ្ងៃទី៤ ឧសភា ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤នាក់ ក្នុងចំណោមនោះមានម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី២ ខែឧសភា កន្លងទៅ។

ដើម្បីទប់ស្កាត់ករណីរាលដាលបន្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងបរិវេណផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕