(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភា។

ការកំណត់យកទីតាំងភូមិសាស្ដ្រខេត្តកំពង់ចាម, តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនេះ គឺដោយសារខេត្តទាំងបីនេះ បាននិងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានអះអាងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបថា បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕