(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពីការការធ្វើវិចារណកម្ម (ចំណាយឲ្យសមហេតុសមផល) និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ។

ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំ ដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង អង្គភាពជាក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការរបស់រាជរដ្ឋាភិបាល នូវវិធានការសម្រាប់អនុវត្តការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយ ថវិកាឆ្នាំ ២០២១ ដូចខាងក្រោម :

១៖ ការធ្វើវិចារណកកម្មចំណាយថវិកាថ្នាក់ជាតិ

ការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២១ ត្រូវបានលើកលែងសម្រាប់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ខេត្តទាំងអស់ ដែលកំពុងមានភារកិច្ចច្រើនក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងផ្តល់ការលើកលែងវិចារណកម្ម ថវិកាចំណាយចរន្តរបស់ក្រសួងសុខាភិបាល, ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) ដែលបាន និងកំពុងចូលរួមផ្ទាល់ក្នុងសកម្មភាពទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងផ្តល់ភាពទន់ភ្លន់ដល់ក្រសួងទាំង ៣នេះអាចធ្វើនិយ័តកម្មឥណទានផ្ទៃក្នុងឲ្យអស់លទ្ធភាព, តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន, ដើម្បីបំពេញតម្រូវការ
ចាំបាច់ផ្នែកអន្តរាគមន៍ដែលពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ-១៩ ដើម្បីចៀសវាងនូវការស្នើសុំបន្ថែមឥណទាន។

១.១. ចំណាយចរន្តថវិកាថ្នាក់ជាតិ

វិធានការនៃការធ្វើវិចារណកម្មចំណាយចរន្តថ្នាក់ជាតិនេះ ត្រូវបានដាក់ឲ្យអនុវត្តលើចំណាយមិនមែនបន្ទុកបុគ្គលិក ដោយកាត់ព្យួរចំណាយទៅតាមកម្រិតភាគរយ ដែលបានកំណត់ លើមូលដ្ឋានឥណទានថវិកា ៥០% នៃឥណទានអនុម័តដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ចំពោះមុខសញ្ញាចំណាយមួយចំនួនដែលមិនទាន់ចាំបាច់ ឬមិនចាំបាច់ខ្លាំង និងមិនសូវប៉ះពាល់សកម្មភាពការងាររបស់ក្រសួងស្ថាប័ន តាមគោលការណ៍ដូចខាងក្រោម ៖

ក. ក្រសួង ស្ថាប័នរដ្ឋបាលកណ្តាល

* កាត់ព្យួរចំណាយ ៥០% លើឥណទានថវិកា ៥០% នៃឥណទានអនុម័ត (ស្មើនឹងកាត់សន្សំ ២៥%នៃឥណទានអនុម័ត) លើមុខសញ្ញាចំណាយ រួមមាន៖ (១)- សម្ភារការិយាល័យ, (២)- សម្ភារប្រើ-ប្រាស់, (៣)- សម្ភារនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា, និង (៤)- សម្ភារនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ។

* កាត់ព្យួរចំណាយ ៧៥% លើឥណទានថវិកា ៥០% នៃឥណទានអនុម័ត (ស្មើនឹងកាត់សន្សំ ៣៧, ៥% នៃឥណទានអនុម័ត) លើមុខសញ្ញាចំណាយ រួមមាន៖ (១)- សង្ហារឹម, (២)- សោហ៊ុយបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស, (៣)- សោហ៊ុយទទួលភ្ញៀវជាតិនិងភ្ញៀវបរទេស, (៤)- សោហ៊ុយទទួលភ្ញៀវជាតិ និងភ្ញៀវបរទេស, (៥)- ប្រជុំសិក្ខាសាលានិងសន្និសីទ, (៦)-វត្ថុអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស, (៧)- ការតាំងពិពណ៌នៅក្នុងនិងក្រៅប្រទេស, (៨)- ការឃោសនានិងផ្សព្វផ្សាយ, (៩)- បេស
កម្មក្នុងប្រទេស, (១០)- ការរៀបចំពិធីបុណ្យ និង (១១)- ការថែទាំជួសជុលអគារផ្សេងៗ និងប្រាសាទ។

* កាត់ព្យួរចំណាយ ១០០% លើឥណទានថវិកា ៥០% នៃឥណទានអនុម័ត (ស្មើនឹងកាត់សន្សំ ៥០% នៃឥណទានអនុម័ត) លើមុខសញ្ញាចំណាយ រួមមាន៖ (១)-ឯកសណ្ឋាន និង (២)-បេសកកម្មក្រៅប្រទេស។

* កាត់ព្យួរចំណាយ ១០០% លើឥណទានថវិកា ៥០% នៃឥណទានអនុម័ត (ស្មើនឹងកាត់សន្សំ ៥០% នៃឥណទានអនុម័ត) លើ ប្រេងឥន្ធនៈ និងប្រេងរំអិល ។ សម្រាប់ក្រសួង-ស្ថាប័ន និង អង្គភាពដែលទទួលបានធានាចំណាយរួចហើយ តែមិនទាន់បានចុះកិច្ចសន្យា ត្រូវបង្កកធានាចំណាយចំនួន ៥០% ។

ដោយឡែក ចំពោះក្រសួង ស្ថាប័ន និងអង្គភាព ដែលបានចុះកិច្ចសន្យារួចហើយ ត្រូវបានបង្កកបរិមាណប្រេងឥន្ធនៈ និងប្រេងរំអិល ចំនួន ៥០% នៅនឹងក្រុមហ៊ុនផ្គត់ផ្គង់តែម្តង។

ចំពោះ ឥណទានដែលអនុវត្តសល់បន្ទាប់ពីការកាត់សន្សំតាមគោលការណ៍ខាងលើរួចហើយ មិនត្រូវបានអនុញ្ញាតឲ្យធ្វើនិយ័តកម្មទៅប្រើលើមុខចំណាយផ្សេងឡើយ លើកលែងតែមានការសម្រេចដោយឡែក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់អនុវត្តសកម្មភាពអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។

ផ្នែកលើគោលការណ៍កាត់ព្យួរឥណទានខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំជាតារាងឧបសម្ព័ន្ធជូនទៅគ្រប់ក្រសួង ស្ថាប័ន និង គ្រឹះស្ថានសាធារណៈ រដ្ឋបាលពាក់ព័ន្ធ អំពីទំហំឥណទានដែលត្រូវបានធ្វើវិចារណកម្មចំណាយ និងឥណទានដែលនៅមានសម្រាប់បន្តបញ្ហាចំណាយបាន។

លើមូលដ្ឋាននេះ ក្រសួង ស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាលពាក់ព័ន្ធ ចាំបាច់ត្រូវកែតម្រូវទំហំឥណទានសរុប រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទានរបស់ខ្លួន ទៅតាមទំហំនៃមុខសញ្ញាចំណាយទាំងអស់ដែលបានកាត់សន្សំព្យួរខាងលើ និងទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពពាក់ព័ន្ធ ។

ខ. គ្រឹះស្ថានសាធារណៈរដ្ឋបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលទទួលឧបត្ថម្ភធន ១០០%ពីថវិកាថ្នាក់ជាតិ ត្រូវបានកាត់ព្យួរឥណទានតាមគោលការណ៍សន្សំចំណាយ ដូចអនុវត្តចំពោះក្រសួង ស្ថាប័នថ្នាក់កណ្តាលដែរ ប៉ុន្តែផ្តល់ការលើកលែងចំពោះមុខចំណាយជួសជុល និងថែទាំប្រាសាទរបស់ អាជ្ញាធរជាតិអប្សរា, អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក។

ដោយឡែក ចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលទទួលបានឧបត្ថម្ភធនពីថវិកាថ្នាក់ជាតិមួយផ្នែកសម្រាប់បំពេញតុល្យភាពចំណូល-ចំណាយប្រចាំឆ្នាំ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាក្នុងកម្រិតតុល្យភាពរបស់ខ្លួន ប៉ុន្តែនឹងមិនមានការបន្ថែមឥណទានថវិកាជូនទេក្នុងករណីចំណូលផ្ទាល់មានការថយចុះ។

គ. អង្គភាពជាក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការរបស់រាជរដ្ឋាភិបាល

ចំពោះអង្គភាពដែលជាក្រុមប្រឹក្សា, អាជ្ញាធរ និង គណៈកម្មាធិការនានារបស់រាជរដ្ឋាភិបាល ដែលមានកញ្ចប់ថវិកាស្ថិតនៅក្រោមក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងពិនិត្យប្រសិទ្ធភាពចំណាយ ដើម្បីសន្សំ និង បង្កកមុខចំណាយជាក់ស្តែងទៅតាមលំនាំនៃគោលការណ៍រួមខាងលើ នៅពេល
អង្គភាពនីមួយៗស្នើសុំចំណាយមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

១.២. ចំណាយមូលធនថវិកាថ្នាក់ជាតិ

ក្នុងគោលដៅនៃការរួមចំណែកដល់ការសន្សំធនធាន ដើម្បីបង្វែរមកដោះស្រាយបញ្ហាជាអាទិភាព នាពេលបច្ចុប្បន្នក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ឥណទានចំណាយមូលធនថ្នាក់ជាតិសម្រាប់គម្រោងវិនិយោគផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ត្រូវបានកាត់ព្យួរចំនួនប្រមាណ ១១% នៃកញ្ចប់ឥណទានរួមដែលបានវិភាជន៍ជូនក្រសួងអាទិភាពចំនួន ៧ (ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) និង ក្រសួង ស្ថាប័នផ្សេងៗ ព្រមទាំងមុខសញ្ញាចំណាយត្រៀមបម្រុងនានា ដែលប្រើកញ្ចប់ឥណទានមិនទាន់បែងចែកប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល ។

ជាមួយនឹងការកាត់សន្សំខាងលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្អាកការផ្តល់ធានា ចំណាយសម្រាប់គម្រោងត្រៀមបម្រុង របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ,និង ក្រសួងធនធានទឹកនិងឧតុនិយម ។ ក្នុងករណីចាំបាច់, សម្រាប់គម្រោងថ្មី និងគម្រោងទទួលបានការសម្រេចរួចហើយ ដែលមានចរឹកទ្រទ្រង់ដង្ហើមសេដ្ឋកិច្ចក្នុងស្រុក, គម្រោងស្តារឡើងវិញដែលខូចខាតដោយ ទឹកជំនន់ពីឆ្នាំ២០២០, គម្រោងពហុឆ្នាំដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ត្រូវបានផ្តល់អាទិភាពក្នុងការស្នើសុំការសម្រេចដោយឡែកទៅតាមករណី និងតាមលទ្ធភាពថវិកាជាក់ស្តែង ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំ ជាតារាងឧបសម្ព័ន្ធ ជូនទៅក្រសួងពាក់ព័ន្ធទាំង៧ អំពីទំហំឥណទានដែលត្រូវបានធ្វើវិចារណកម្មចំណាយ និងឥណទានដែល នៅមានសម្រាប់បន្តបញ្ហាចំណាយបាន។ លើមូលដ្ឋាននេះ, ក្រសួងទាំង ៧ ខាងលើដែលទទួលបានឥណទានវិនិយោគសាធារណៈជាប្រចាំ ចាំបាច់ត្រូវធ្វើអាទិភាវូបនីយកម្មគម្រោងឡើងវិញ ទៅតាមកម្រិតឥណទានថវិកាដែលនៅមាន។

២. ការជំរុញ និងពង្រឹងប្រសិទ្ធភាពចំណាយ

* ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការចំណាយ ទាំងការលើកកម្ពស់តម្លៃលុយ យថាប្រភេទ បរិមាណនិងទាំងប្រសិទ្ធភាពបច្ចេកទេស។

* ទប់ស្កាត់ចំណាយដែលមិនចាំបាច់ ឬ ដែលមិនមានផលចំណេញ ឬ មិនមានផលប្រយោជន៍ច្បាស់លាស់សម្រាប់ក្រសួង ស្ថាប័នសម្រេចគោលដៅ បេសកកម្មការងាររបស់ខ្លួន។

* រឹតបន្ដឹងចំណាយនៅតាមក្រសួង ស្ថាប័ន នីមួយៗ ដែលមិនមានផលដល់ការជំរុញការប្រើប្រាស់ក្នុងស្រុក ។

* ផ្អាកការទិញសម្ភារឧបករណ៍មិនបន្ទាន់ និងដែលមានចរិតជាការនាំចូល ព្រមទាំងផ្លាកការផ្តល់គោលការណ៍ជួសជុលថ្មីៗ លើកលែងតែការងារជួសជុលអគារ ដែលមានស្រាប់។

* ពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងសន្និធិ និងការបែងចែកទំនិញ និងសេវា ក៏ដូចជាធនធានឲ្យដល់គោលដៅ ឬដល់ដៃ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ។

* សម្រួលការអនុវត្តចំណាយឲ្យបានលឿន ជាពិសេស ចំណាយការការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, ចំណាយដើម្បីស្រូបយកផលប៉ះពាល់, ចំណាយអន្តរាគមន៍ទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ដើម្បីឆ្លើយតបឱ្យបានសមស្របទៅនឹងសភាពការណ៍វិវត្តន៍ជាក់ស្តែង ឲ្យបានទាន់ពេលវេលា។

ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ដែលបានដាក់ចេញខាងលើ ត្រូវបានគិតគូររៀបចំឡើងក្នុងក្របខណ្ឌ នៃការធានាប្រក្រតីភាពនៃស្ថាប័នរដ្ឋ និង រក្សាលំនឹងជីវភាពប្រជាជន ទន្ទឹមនឹងការសន្សំធនធានថវិកា ដើម្បីបង្វែរទៅបំពេញឲ្យសេចក្តីត្រូវការចាំបាច់ និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ នៅទីតាំងភូមិសាស្ត្រមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងជនងាយរងគ្រោះ៕