(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្តល់ថវិកា៥០.០០០ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅតំបន់ក្រហម នៅរាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប។

នាឱកាសនោះ លោក កើត ឆែ បានថ្លែងអំណរគុណលោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ១៩ នៅតំក្រហម។

លោក កើត ឆែ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោកជំទាវ ដែលបានឧបត្ថមជាថវិកា ចំនួន ៥ម៉ឺនដុល្លារអាមេរិក ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕