(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ «ឱសថស្ថាន ផ្សារតាប៉ាងថ្មី» ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកទ្វារលក់ឱសថឡើងវិញហើយ បន្ទាប់ពីបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ព្រោះជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។

លោក ហេង រដ្ឋា ម្ចាស់ឱសថស្ថានខាងលើនេះ បានប្រាប់ Fresh News ថា ឱសថស្ថានរបស់លោកត្រូវបានអាជ្ញាធរឱ្យបិទទ្វារកាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ ព្រោះមានអ្នកកើតជំងឺកូវីដ១៩ ទៅទិញឱសថនៅកន្លែងរបស់លោក។

លោកបន្តថា បន្ទាប់ពីការបិទទ្វារ និងតម្រូវឱ្យបុគ្គលិកលក់ឱសថធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ហើយរកមិនឃើញមាននរណាកើតជំងឺកូវីដ១៩នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យឱស្ថានលោកដំណើរការឡើងវិញហើយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ហេង រដ្ឋា បានគូសបញ្ជាក់ផងដែរថា ជាមួយការបើកឡើងវិញនេះ ឱសថស្ថានរបស់លោកនៅតែបន្តគោរព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។

ជាមួយស្មារតីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នៅកន្លែងឱសថស្ថានរបស់លោកបានរៀបចំឱ្យមានម៉ាស៊ីនវ៉ាស់កម្តៅ និងបាញ់អាល់កុល។ បន្ថែមពីលើនោះ មាត់ទ្វារត្រូវបានចងខ្សែ និងកំណត់ពីការរក្សាគម្លាត ជាពិសេសរាល់អតិថិជនមិនអនុញ្ញាតឱ្យចូលទៅក្នុងឱសថស្ថាននោះឡើយ គឺឈរនៅខាងមុខ ហើយបុគ្គលិកអ្នកឈរទទួល និងទៅយកថ្នាំជូនតាមតម្រូវការអតិថិជនរបស់ខ្លួន។

លោក រដ្ឋា បានគូសបញ្ជាក់ថា លោកចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់ការណែនាំ និងវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយការបើកការលក់ឱសថឡើងវិញនេះ «ឱសថស្ថាន ផ្សារតាប៉ាងថ្មី» ក៏មានការដាក់ឱ្យបញ្ជាទិញឱសថតាមបណ្តាញសង្គមដូចជា៖ Telegram / Line / WhatApp តាមរយៈលេខទូរស័ព្ទ៖ 012 38 66 69 / 016 38 66 69៕