(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជួបការខ្វះខាតកំឡុងពេលបិទខ្ទប់នៅ «តំបន់ក្រហម» ចំនួន១១៦គ្រួសារទៀត រស់នៅភូមិចុងខ្សាច់ និងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបន្តទទួលស្បៀងអាហារ ជាបន្តបន្ទាប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ពីរដ្ឋបាលខណ្ឌឫស្សីកែវ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីចែកស្បៀងអាហារដឹកនាំដោយតំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ គឺលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោកស្រី អាន ផល្លា ជា ពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ។ លោកបានថ្លែងថា គ្រឿងឧបភោគបរិភោគដែលបានចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតនាពេលនេះ គឺជាអំណោយ និងជាទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយពីរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» «តំបន់លឿង» និង «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោកស្រីអភិបាលរងខណ្ឌ និងលោកស្រីប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់ក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា សម្រាប់ស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង១៦០គ្រួសារ «តំបន់ក្រហម» ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងត្រីខ ១០កំប៉ុង៕