(ប៉ៃលិន)៖ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យរបស់ខេត្តប៉ៃលិន ដែលប្រចាំការនៅគោលដៅព្រំប្រទល់ជាមួយខេត្តបាត់ដំបង បានប្រើតេស្ដរហ័សលើប្រជាពលរដ្ឋម្នាក់ដែលមានការសង្ស័យ ហើយរកឃើញវិជ្ជមានជំងឺកូវីដ១៩។

អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញថ្មីនេះ ឈ្មោះ ភ៉ិន មេត្តា ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើការនៅក្រុមហ៊ុន វត្តី ឱសថស្ថាន។ សម្រាប់ប្រវត្តិនៃការធ្វើដំណើរវិញអ្នកជំងឺរូបនេះ ចេញពីខេត្តកណ្ដាល ចូលទៅខេត្តព្រះវិហារ តាមអន្លង់វែង ទើបទៅដល់ព្រំដែនខេត្តប៉ៃលិន (មិនទាន់បានចូលទឹកដីខេត្តប៉ៃលិនទេ)។

លោកស្រី បាន ស្រីមុំ បានអះអាងថា ដើម្បីបញ្ជាក់ច្បាប់អំពីស្ថានភាពរបស់អ្នកជំងឺ ដើមឡើយមន្ដ្រីសុខាភិបាលខេត្តប៉ៃលិន ដែលនៅគោលដៅព្រំប្រទល់ ជាមួយខេត្តបាត់ដំបង បានសួរនាំទៅអ្នកដំណើរណាដែលមានការសង្ស័យ ហើយពេលនោះបានប្រើតេស្ដរហ័សភ្លាម លទ្ធផលបង្ហាញថា វិជ្ជមាន បន្ទាប់មកមន្ដ្រីសុខាភិបាលក៏បានបញ្ជូនសំណាកទៅតេស្ដនៅឡាប៉ូ ខេត្តបាត់ដំបង ទៀត លទ្ធផលចុងក្រោយបង្ហាញថា វិជ្ជមានជំងឺកូវីដ៕