(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានបកស្រាយទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានដោយចោទប្រកាន់ថាលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កិបកេងថវិការបស់មន្ត្រី ទៅលើការបែកចែកថវិការបស់សាលារាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការផ្សាយនេះមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ បែរជាចុះផ្សាយទាំងមិនច្បាស់ធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមជ្ឍដ្ឋានទូទៅមានការយល់ច្រឡំ ។ ដំណើររឿងជាក់ស្តែងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានទទួលថវិកាពីផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាការឧបត្ថម្ភរបស់សាលារាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនកងកម្លាំងអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ រយ:ពេល ១៤ថ្ងៃ ដោយក្នុងផែនការត្រូវប្រេីប្រាស់កម្លាំងខណ្ឌចំនួន ១៣០នាក់ ក្នុង ១៣គោលដៅ ។

ជាក់ស្តែង កម្លាំងសរុបរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យមានរហូតដល់ ២៤០នាក់ ហើយកម្លាំងដែលមិនមានក្នុងផែនការក៏បានចូលរួមជួយឆ្លាស់វេនគ្នាប្រចាំការតាមគោលដៅដូចគ្នា ដូច្នេះហើយទើបពេលទទួលបានថវិកាសរុបភ្លាម លោកអធិការបានកោះប្រជុំជាមួយលោកអធិការរង សួរទៅគ្រប់ប៉ុស្តិ៍ គ្រប់គោលដៅ និងមន្ត្រីផងដែរ ដើម្បីទទួលបានការឯកភាព និងចុះសម្រុងគ្នាជាមុន មុននឹងបែកចែកថវិកានេះផង ដែរ ព្រោះថាដោយការគិតគូរ និងយកចិត្តទុកដាក់របស់លោកអធិការ ក៏ដូចជាចង់ឲ្យកម្លាំងទាំងអស់ចំណុះអធិការមានការសាមគ្គីគ្នាល្អ ទើបលោកអធិការសម្រេចចិត្តបែងចែកថវិការួមដែលបានទទួលមកនោះ ចែករំលែកពីការផ្តល់ជូនកម្លាំង ១៣០នាក់ ទៅជាការបែកចែកជូនកម្លាំងសរុបចំនួន ២៤០នាក់វិញ ព្រោះថា កម្លាំងទាំងអស់សុទ្ធតែហត់ និងធ្វើការដូចគ្នា ។

បើទទួលបានតែ ១៣០ នាក់ ហើយ១១០នាក់ទៀតធ្វើការដែរ តែមិនបានទទួល នោះបាតុភាព នឹងកើតមានឡើង ហើយប្រាកដជាមានការអាក់អន់ចិត្ត មិនសប្បាយចិត្ត ព្រោះធ្វើការដូចគ្នា ម្នាក់បាន ម្នាក់អត់បាន ដូច្នេះហើយនេះជាហេតុផលដែលលោកអធិការសម្រេចចិត្តបែងចែកថវិកាទាំងនោះឲ្យបានដល់កម្លាំងគ្រប់ៗគ្នាទាំងអស់ ។

ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាផែនភស្តុភា និងហិរញ្ញវត្ថុ ក្រោមការណែនាំរបស់ឯកឧត្តមស្នងការ តែងតែយកចិត្តទុកដាក់ ជានិច្ចក្នុងការពិនិត្យមេីលលេីការបែងចែកថវិកាទាំងនោះ ជាពិសេសឯកឧត្តមស្នងការតែងតែណែនាំដល់គ្រប់អង្គភាពចំណុះត្រូវបែងចែងថវិកាដល់មន្ត្រីឲ្យបានត្រឹមត្រូវ មិនឲ្យមានការបាត់បង់ឡេីយ ៕