(ប៉ៃលិន)៖ អាជ្ញាធរខេត្តប៉ៃលិន នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញស្ដ្រីម្នាក់វិជ្ជមានជំងឹកូវីដ១៩ ដែលជាពលករមកពីប្រទេសថៃ។ នេះបើតាមលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

ស្ដ្រីដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ឈឿត រតនៈ អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលចូលមកពីប្រទេសថៃ តាមច្រកអន្ដរជាតិព្រំ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ទៀតថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩រូបនេះ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័កអភិវឌ្ឍន៍ស្ដ្រី ខេត្តប៉ៃលិន និងត្រៀមបញ្ជូនទៅសម្រាកព្យាបាលជំងឺ។

ដោយឡែក ពលករផ្សេងទៀតដែលរួមដំណើរជាមួយអ្នកជំងឺខាងលើ ចំនួន៤០នាក់ លទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្ដែតម្រូវឲ្យធ្វើចត្តាឡីស័កគ្រប់ចំនួនកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕