(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដម្នាក់ នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលទើបវិលត្រលប់មកពីតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ ឆិន ឆុង អាយុ២៩ឆ្នាំ មានទីកន្លែងកំណើត នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រ ខេត្តស្វាយរៀង ដែលទើបវិលត្រលប់មកពីតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ មានផ្ទុកជំងឺកូវីដ-១៩ ខេត្តសហការជាមួយក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានយកវត្ថុវិភាគសំណាក បុរសខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលវិជ្ជមានជំងឺកូដ-១៩ ដែលមានអ្នកប៉ះពាល់ ផ្ទាល់ ចំនួន១១នាក់ ស្រី៨នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្ត និងដាក់ឲ្យធ្វើចត្តាឡីស័ក រង់ចាំលទ្ធផល ដើម្បីចាត់វិធានការបន្ត។

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ។

ប្រវត្តិនៃការធ្វើដំណើរ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឈ្មោះ ធិន ធុង និងភរិយា មុខរបរជាកម្មកររោងចក្រ ហាយស៊ីង ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ ដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកដល់មូលដ្ឋានភូមិមហាសួន ឃុំស្វាយយា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរឃុំបានណែនាំឲ្យធ្វើចត្តាឡីស័ក នៅផ្ទះដាច់ដោយឡែក ដើម្បីតាមដានសុខភាព ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងកូដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយក វត្ថុវិភាគសំណាក ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ តាមរយៈលេខទូរស័ព្ទ ០៩៧ ៧៨១ ៦៤០៣ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ច បានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តស្វាយរៀង៕