(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធានាសន្ដិសុខស្បៀង ជូនប្រជាពលរដ្ឋ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា រាល់ការសម្រេចដាក់ចេញវិធានការ បិទខ្ទប់ភូមិសាស្រ្តណាមួយ។

នេះបើតាមសេចក្តីណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ស្ដីពី ការពង្រឹងការអនុវត្ត វិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងការសម្រេចដាក់ចេញវិធានការ បិទខ្ទប់ភូមិសាស្រ្តណាមួយ គណៈអភិបាលរាជធានី ខេត្ត ត្រូវត្រៀមបម្រុង ទុកជាមុន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ធានាឲ្យមានការផ្គត់ផ្គង់ស្បៀង ចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមានការលំបាក ក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង តំបន់ក្រហម»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក្នុងករណីមានតម្រូវការចាំបាច់ និងបន្ទាន់ គណៈអភិបាលរាជធានី ខេត្ត អាចស្នើសុំជំនួយឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាល។

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងការសម្រេចដាក់ចេញ វិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ, គណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងការត្រួតពិនិត្យ ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្របិទខ្ទប់នោះជាពិសេស «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដើម្បីបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត៕