(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាឲ្យដាក់ចេញវិធានការចាំបាច់នានា ដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានរកឃើញថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីណែនាំ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានរសៀលថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះយោបល់ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងបន្ទាប់ពីមានការសម្រេចជាគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវរួមគ្នាចេញសេចក្តីណែនាំ អំពីវិធានការចាំបាច់នានា ដែលត្រូវអនុវត្តចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានរកឃើញថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩»

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៦,២៩៩នាក់, អ្នកជាសះស្បើយចំនួន ៥,៧៩១នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០,៣៩៤នាក់ និងអ្នកស្លាប់ចំនួន១០៧នាក់៕