(កំពង់ចាម)៖ នៅស្រុកកងមាស ខេត្តកំពង់ចាមថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅវត្តសុវណ្ណរង្សី មានពិធីបុណ្យស្រោចព្រះសុគន្ធវារី ប្រគេន ព្រះបញ្ញាសោភណ្ឌ ដេន លាង ព្រះរាជាគណកិត្តិយស ព្រះចៅអធិការ ក្រោមព្រះអធិបតីសម្តេចព្រះវនរ័ត្ន ណយ ច្រឹក សម្តេចព្រះសង្ឃនាយករង លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រធានក្រុមការងារ ស្រុកកងមាស និងលោកស្រី ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល។

ពិធីនេះក៏មានការនិមន្ត អញ្ជើញចូលរួមពីព្រះរាជាគណព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ ទូទាំងស្រុកកងមាសផងដែរ។ ក្នុងឱកាសនោះលោកបណ្ឌិត បានលើកឡើង នូវការសាកសួរសុខ​ទុក្ខ និងជូនពររបស់ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដល់អង្គពិធីទាំងមូលផងដែរ។ លោកបានលើកឡើងពីការយកចិត្តទុកដាក់អភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីប្រជាជន ដើម្បីជាតិទាំង​មូល ដូច្នេះសូមបងប្អូនកុំភ្លេច គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយយើង និងរួមចំណែកប្រឹងប្រែងអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕