-មុខសញ្ញាប្លន់ម្នាក់ ត្រូវជាប់ទោសកំណត់២ឆ្នាំ តែបាន៦ខែតុលាការដោះលែងបាត់
(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាមប្រមាណ១២០នាក់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ បែន រ័ត្ន បានបើកប្រតិបត្តិការ ចុះបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធចំនួន៣នាក់ ដែលរៀប ចំផែនការប្រុងធ្វើសកម្មភាពប្លន់ នៅផ្ទះជនរងគ្រោះ លក់គ្រឿងសំណង់ ស្ថិតនៅ ខាងកើតផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សម្រាប់ប្រតិបត្តិការ ខាងលើនេះ កម្លាំងនគរបាល បានចាប់ជនសង្ស័យម្នាក់ ខណៈ២នាក់ទៀតបានរត់គេចខ្លួនបាត់។

មុខសញ្ញាប្លន់ដែលត្រូវចាប់ខ្លួន នៅពេលនេះធ្លាប់ប្លន់ជាច្រើនកន្លែង ជាមួយបក្ខពួក នៅតាមបណ្តាខេត្ត ហើយត្រូវបានតុលាការ ខេត្តកំពង់ចាម កាត់ទោស ដាក់ពន្ធនាគារ ចំនួន២ឆ្នាំ តែជាប់ពន្ធនាគារ បានត្រឹម៦ខែក៏ត្រូវព្រះរាជអាជ្ញារង ខេត្តកំពង់ចាម លោក ជីវ ចាន់តារា សម្រេចដោះលែងទៅវិញតាមសាលក្រមស្ថាពររបស់តុលាការ។

សម្រាប់ប្រតិបត្តិការ បង្ក្រាបក្រុមចោរ ប្លន់ប្រដាប់នេះ មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះថា «ក្រុមនេះមានគ្នា៣នាក់ ហើយពួកវា ប្រុងប្លន់នៅស្គន់ តែយើងបានដឹងផែនការមុន យើងបានប្រមូលកម្លាំង១២០នាក់ ចេញបង្ក្រាបរហូតចាប់បានម្នាក់ រត់គេចរួច២នាក់ ដែលយើងកំពុងតាមបង្ក្រាប»។

ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ ហ៊ុត ហាន ហៅតូចអាយុ៣២ឆ្នាំ ខណៈបក្ខពួករបស់វា ដែលធ្លាប់ធ្វើសកម្មភាព នាពេលកន្លងទៅនោះរួមមាន ទី១ ឈ្មោះ ហ៊ុល សុធី ហៅអា ក្រៃ ថោង អាយុ៤០ឆ្នាំ ទី២ឈ្មោះ អា វ៉ាត ទី៣ឈ្មោះ អា តឿ ទី៤ឈ្មោះ អា រី និងទី៥ឈ្មោះ អា ខ្មៅ។ ជនសង្ស័យរូបនេះ បានឆ្លើយប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៤ ខែមីនានេះ ក្រុមខ្ញុំរៀបគម្រោងប្លន់ផ្ទះ លក់គ្រឿងសំណង់ខាងកើតផ្សារស្គន់ ដឹកនាំដោយឈ្មោះ ក្រៃ ថោង អាផៃ ដោយធ្វើដំណើរចេញពីភ្នំពេញមកស្គន់ ជិះម៉ូតូ អាក្រៃថោង ជាអ្នកឌុប ហើយត្រូវនគរបាលឆែកតាមផ្លូវ២ ដងនៅស្រុកបាធាយ។ រីឯ អាផៃ វាជិះតាក់ស៊ីមកជុំគ្នានៅស្គន់ ហើយស៊ីស៊ុបក្រោយមកជិះម៉ូតូ ដើរពិនិត្យ រកកន្លែងដែលត្រូវធ្វើសកម្មភាព បានកំណត់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ តែពេលកំពុងជិះម៉ូតូក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ខណៈអា ក្រៃថោង និងអាផៃ រត់គេចខ្លួនបាត់។ ជនសង្ស័យបានឆ្លើយបន្តទៀតថា សម្រាប់សកម្មភាពប្លន់នាពេល កន្លងមក រួមមាន លើកទី១ នៅឆ្នាំ២០១៣ ស្ថិតនៅឃុំបុសខ្នុរស្រុកចំការលើ ប្រើអាវុធ ៣ដើមខ្លី១ដើម។

ក្រោយប្លន់ហើយខ្លួនបានទទួលប្រាក់មួយពាន់ដុល្លារ លើកទី២ នៅខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ នៅស្រុកកំចាយមារ ខេត្តព្រៃវែង អា ក្រៃថោង ចែកឲ្យ១៥០០ដុល្លារ និងលើកទី៣ នៅខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើសកម្មភាពប្លន់នៅ នៅភ្នំប្រសិទ្ធ ខេត្តកណ្តាល អាតឿវាចែកឲ្យ៥០០ដុល្លារ។ ពេលធ្វើសកម្មភាពម្តងៗ គឺអាក្រៃថោង ជាអ្នកកាន់អាវុធខ្លីK៥៩ រីឯកាំភ្លើងAKដូរគ្នាកាន់ម្នាក់ម្តងៗ។ យ៉ាងណាក៏ដោយមានការរិះគន់ចំៗ ចំពោះចំណាត់ការ របស់មន្រ្តីតុលាការខេត្ត ដែលបានដោះលែង ជនប្លន់ប្រដាប់អាវុធនេះ ដោយមិនបានអនុវត្តបានតឹងរឹង នោះឡើយ។

ជាក់ស្តែងជនសង្ស័យ ហ៊ុត ហាន ដែលត្រូវបានចាប់ នៅថ្ងៃនេះ ត្រូវបានលោកព្រះរាជអាជ្ញារង ជីវ ចាន់តារា ចេញដីកាបញ្ជាឲ្យដោះលែងក្រោយពីជននេះ បានជាប់ពន្ធនាគារចំនួន៦ខែ ក្នុងទោសសរុបចំនួន២ឆ្នាំ ពោលបានត្រឹម ១ភាគ៤ប៉ុណ្ណោះ ខណៈបទល្មើសមួយនេះ យ៉ាងហោចណាស់ បានជាប់ពន្ធនាគារត្រឹម១ភាគ៣សិន ហើយមុននឹងធ្វើការដោះលែង ក៏ត្រូវបានវាយ តម្លៃពីគណៈកម្មាការជំនាញ និងឆ្លងពីថ្នាក់ដឹកនាំសិន៕