(ភ្នំពេញ)៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើ​ប្រាស់​ជាផ្លូវការនូវ​អ​គារ Bunker Room និងម៉ាស៊ីន Accelerator មានកំលាំង (6 M.V Linear) នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀតទៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ទន្ទឹមនឹងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ Bunker Room និង ម៉ាស៊ីន accelerator(6 M.V Linear) ដែលជាម៉ាស៊ីនសម្រាប់ព្យាបាល​ជំងឺមហារីក​ដ៏ទំនើបទី១ និងប្រសិទិ្ធភាពបំផុតនៅកម្ពុជា។ លោកក៏បានជំរុញឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវតែខំខិតប្រឹងប្រែងពង្រឹងសមត្ថភាព និងប្រតិបត្ដិវិជ្ជាជីវៈរបស់ខ្លួន ដើម្បីជួយសង្គ្រោះ​ប្រជាពលរដ្ឋ ទាន់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកបន្ដថា «ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ដែលមកពិនិត្យនៅពេលរដ្ឋ បើមានខ្វះខាតអីក៏ដោយ សូមមកជួបជាមួយនឹងគ្រូពេទ្យ ឬនាយកមន្ទីរពេទ្យ ដោយនិយាយគ្នា និងពិគ្រោះគ្នា ដើម្យឲ្យមានការប្រាកដប្រជាថា យើងមានបញ្ហាអ្វី ហើយយើងនឹងឆ្លើយតប សម្រួលជួយដល់ពួកគាត់គ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែក​ធ្វើឲ្យវិស័យសុខាភិបាល​យើង ឲ្យបានកាន់តែល្អ»

ទន្ទឹមនឹងនោះ លោកសាស្ដ្រចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានលើកឡើងផងដែរថា លោកនឹងប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកទាំងសមត្ថភាព និងសេវាកម្ម ដើម្បីអភិវឌ្ឍ​ស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត។

លោកបន្ដថា នៅក្រោមការជួយជ្រោមជ្រែង និងគាំទ្រ ពីថ្នាក់ដឹកក្រសួងសុខាភិបាល និងការជួយឧបត្ថម្ភថវិការពីកម្មវិធីទ្រទ្រង់វិស័យសុខាភិបាលជំហានទីពីរ (HSSP2)ដៃគូអភិវឌ្ឍន៍នានា និងអង្គការ​ក្រៅរដ្ឋាភិបាល មន្ទីរពេទ្យទទួលបានអគារ Bunker Room និងបំពាក់នូវម៉ាស៊ីន acceleratorកំលាំង (6 M.V Linear) ។

លោកបន្ថែមថា accelerator កំលាំង (6 M.V Linear)  ដែលជាម៉ាស៊ីនព្យាបាលជម្ងឺមហារីកដោយកម្មវិធីរស្មីថ្មីបំផុតទី១ នៅកម្ពុជា យើងដែលមានតម្លៃសរុប ១ ៤៩៦ ០០០ដុល្លារ និងត្រូវ​បាន​បំពាក់​ដោយក្រុមហ៊ុន Neusoft និងក្រុមហ៊ុន Envisioning Co.,Ltd ពីដើមឆ្នាំ២០១៥ ហើយត្រូវបានបំពេញជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាមួយនឹងឧបករណ៍សម្ភារៈទំនើបៗនេះ ធ្វើឲ្យ​មន្ទីរពេទ្យមានលទ្ធភាពផ្ដល់សេវាកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ ដែលមានជំងឺមហារីក៕