(ភ្នំពេញ)៖ បុរសម្នាក់ឈ្មោះ ខន ផា អាយុ៣៤ឆ្នាំ ត្រូវបានភ្នាក់ងារមានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅខណ្ឌសែនសុខ ពីបទ «រំលោភលើសេចក្តីទុកចិត្ត និងក្លែងកបន្លំឯកសារ» របស់ក្រុមហ៊ុន​ស្រាបៀរ​ក្នុងស្រុកមួយ។

កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនបុរសម្នាក់នេះ គឺធ្វើឡើងតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនរបស់ចៅក្រម អ៊ីវ បូរិន្ទ ដែលចេញកាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ។

ក្នុងដីកានោះបានបញ្ជាក់​ថា ឈ្មោះ ខន ផា អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចៅក្រមដាក់ជននោះ ឲ្យស្ថិតនៅក្រោម​ការត្រួតពិនិត្យ ពីបទរំលោភលើសេចក្តីទុកចិត្ត និងក្លែងបន្លំឯកសារ ប្រព្រឹត្តនៅភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៣ បទល្មើស​ដែល​មាន​ចែង និងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣៩១,​​ ៣៩២,​ ៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ។

ជនឆបោកនេះត្រូវបានកម្លាំង នគរបាលខេត្តកំពង់ស្ពឺ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមច្បាប់ កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ។ តំណាងក្រុមហ៊ុន​បានថ្លែង​ឲ្យដឹងថា ជនដែលចាប់ខ្លួនខាងលើនេះ បានឆបោកក្រុមហ៊ុន ខណៈដែលគេបម្រើការងារ នៅក្រុមហ៊ុន ក្នុងតួនាទីជាបុគ្គលិកផ្នែកលក់។ តំណាងក្រុមហ៊ុនរូបនោះ បានបញ្ជាក់ដោយ​ក្តីសង្ឃឹមថា ជននេះនឹងត្រូវផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ដើម្បីផ្តល់នូវភាពយុត្តិធម៌ ដល់ក្រុមហ៊ុនដែលទទួលរងគ្រោះ៕