(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យរដ្ឋាភិបាលប្រទេសស្វ៊ីស បន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងថវិកា សម្រាប់ការធ្វើកំណែទម្រង់ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ របស់អង្គប្រជុំ។

ការលើកឡើងរបស់សម្តេចក្រឡាហោម បានធ្វើឡើងនៅក្នុងជំនួប ជាមួល លោក IVO Sieber (អាយវ៉ូ ស៊ីប៊ើ) ឯកអគ្គរដ្ឋទូត ប្រទេសស្វីសប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសកម្ពុជា បានចាប់ផ្តើមធ្វើកំណែទម្រង់វិមជ្ឈការ សហវិជ្ឈការ ដល់ផ្តល់អំណាចទៅតាមមូលដ្ឋាន តាមរយៈការចាប់ផ្តើមរៀបចំការបោះឆ្នោតឃុំ-សង្កាត់២០០២ ដល់ពេលនេះមកម្ល៉េះ ហើយថាតាមរយៈកម្មវិធីកំណែទម្រង់កន្លងមកនេះ មានចំណុចល្អច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួន។

សម្តេច ស ខេង បានបន្ថែមថា ចំណុចល្អគឺការឯកភាពជាគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់សារសំខាន់ក្នុងការ ធ្វើកំណែទម្រង់នេះ។ ប៉ុន្តែបញ្ហាប្រឈគឺជាសមត្ថភាពមន្រ្តីនៅតាមមូលដ្ឋានទាំងនោះ ដែលត្រូវការអភិវឌ្ឍនិងថវិកាក្នុងការធ្វើ កំណែទម្រង់ផងដែរ។ ដូច្នេះសម្តេចសង្ឃឹមថា រដ្ឋាភិបាលស្វ៊ីសនឹងបន្តជួយគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តការងារកំណែទម្រង់នេះ តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងផ្តល់ថវិកា ជាដើម។

លោក IVO Sieber បានស្វាគមន៍ចំពោះការលើកឡើងរបស់សម្តេចក្រឡាហោម ។ ជាមួយគ្នានេះ លោកបានអញ្ជើញសម្តេច ក្រឡាហោម ស ខេង ដើម្បីទៅបំពេញទស្សនកិច្ច នៅប្រទេសស្វ៊ីស ដើម្បីដកបទពិសោធន៍ទៅលើការធ្វើកំណែទម្រង់ នៅក្នុងប្រទេសស្វ៊ីសផងដែរ៕