(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែមីនានេះថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានរាយការណ៍ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា រហូតពេលនេះ ពុំទាន់មានវិធានការ របស់អាជ្ញាធរថៃ បិទតូបលក់ទំនិញដំបូលខៀវរបស់អាជីរករខ្មែរ នៅផ្សាររ៉ុងក្លឿឡើយ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបតិការបែបនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មាន មួយចំនួនថា អាជ្ញាធរថៃបានបិទតូបលក់ទំនិញរបស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ដែលមានដំបូលខៀវ ព្រោះជាទំនិញពាក់ព័ន្ធ នឹងកកម្មសិទ្ធិបញ្ញា។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនថា «អាជ្ញាធរថៃបានបិទតូបលក់ទំនិញដំបូលខៀវ (សំដៅថា ជាតូបមានលក់ទំនិញពាក់ព័ន្ធកម្មសិទ្ធិបញ្ញា) របស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ» ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានណែនាំឲ្យស្ថានអគ្គកុងស៊ុល ធ្វើការពិនិត្យលើករណីព័ត៌មាននេះ។ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានរាយការណ៍ថា រហូតពេលនេះ ពុំទាន់មានវិធានការ របស់អាជ្ញាធរថៃ បិទតូបលក់ទំនិញដំបូលខៀវរបស់អាជីរករខ្មែរ នៅផ្សាររ៉ុងក្លឿឡើយ៕